ការវាយប្រហារមួយរបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣០នាក់បន្ថែម និងរបួស ៥០នាក់ផ្សេងទៀត ដែលកំពុងស្នាក់នៅក្នុងការិយាល័យប្រៃសណីយ៍នៅកណ្តាលតំបន់ហ្កាហ្សាស្ទ្រីប ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបក្នុងថ្ងៃព្រហស្បតិ៍ (១២ ធ្នូ) នៅទូទាំងតំបន់ហ៊ុមព័ន្ធនេះកើនឡើងដល់ ៦៦នាក់។

ក្រុមគ្រូពេទ្យប្រាប់សារព័ត៌មានរ៉យទ័រថា ការវាយប្រហារតាមអាកាសនោះបានត្រូវចំអគារប្រៃសណីយ៍ក្នុងជំរំ នូសៃរ៉ាត់ (Nuseirat) ជាទីដែលក្រុមគ្រួសារជនភៀសខ្លួនជ្រកកោន និងបំផ្លាញផ្ទះសម្បែងជាច្រើនខ្នងនៅក្បែរនោះ ដោយមិនមានសញ្ញានៃការផ្អាកក្នុងជម្លោះដ៏បង្ហូរឈាម ១៤ខែនេះឡើយ។

យោធាអ៊ីស្រាអែល មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
Nuseirat គឺជាជំរំប្រវត្តិសាស្ត្រមួយក្នុងចំណោម៨ របស់តំបន់ហ្កាហ្សាស្រ្ទីប សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីនពីសង្គ្រាមឆ្នាំ១៩៤៨ ជុំវិញការបង្កើតរដ្ឋអ៊ីស្រាអែល។ សព្វថ្ងៃនេះ តំបន់នោះគឺជាផ្នែកមួយនៃតំបន់ទីក្រុងដ៏ធំដែលមានជនភៀសខ្លួនមកពីជុំវិញតំបន់ហ្កាហ្សាស្នាក់នៅ។

យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បានឱ្យដឹងថា យុទ្ធនាការយោធាអ៊ីស្រាអែល បានរុញច្រានប្រជាជនជិត ២,៣លាននាក់ របស់ហ្កាហ្សាចេញពីផ្ទះសម្បែងរបស់ពួកគេ ដែលបណ្តាលឱ្យមានការស្រេកឃ្លាន និងជំងឺយ៉ាងទូលំទូលាយ និងបានសម្លាប់មនុស្សជាង ៤៤.៨០០នាក់ ចាប់តាំងពីសង្រ្គាមជុំចុងក្រោយនេះបានចាប់ផ្ដើមនៅខែតុលា ឆ្នាំមុនមក៕