រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋបាលរបស់ប្រធានាធិបតីបក្សប្រជាធិបតេយ្យអាមេរិក លោក Joe Biden បានប្រកាសកញ្ចប់ជំនួយអាវុធមួយផ្សេងទៀតសម្រាប់អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ (១២ ធ្នូ) ដែលមានតម្លៃ ៥០០លានដុល្លារ។

អ្នកនាំពាក្យសេតវិមាន លោក John Kirby បាននិយាយនៅមុននោះបន្តិចថា សហរដ្ឋអាមេរិកនឹងបន្តផ្តល់កញ្ចប់បន្ថែមសម្រាប់អ៊ុយក្រែន "រហូតដល់ចុងបញ្ចប់នៃរដ្ឋបាលនេះ"។ ទីក្រុងវ៉ាស៊ីនតោន បាននិយាយកាលពី ១០ថ្ងៃមុនថា ខ្លួននឹងបញ្ជូនមីស៊ីល គ្រាប់រំសេវ គ្រាប់មីនប្រឆាំងមនុស្ស និងសព្វាវុធផ្សេងៗទៀត ដែលមានតម្លៃ ៧២៥ លានដុល្លារដល់អ៊ុយក្រែន។

រដ្ឋបាលដែលជិតអស់អាណត្តិរបស់លោក Biden កំពុងស្វះស្វែងរកការពង្រឹងជំហរអ៊ុយក្រែន ដើម្បីទប់ទល់ក្នុងសង្រ្គាមរបស់រុស្ស៊ី មុនពេលអាណត្តិរបស់លោក Biden បញ្ចប់ក្នុងខែមករា នៅពេលដែលប្រធានាធិបតីជាប់ឆ្នោតមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump នឹងចូលកាន់តំណែងបន្ត។

បន្ទាប់ពីកញ្ចប់សព្វាវុធថ្ងៃព្រហស្បតិ៍នេះហើយ ជំនួយប្រហែល ៥,៦ពាន់លានដុល្លារ ដើម្បីប្រញាប់បញ្ជូនអាវុធពីឃ្លាំងស្តុកអាមេរិកទៅកាន់ជួរមុខរបស់អាជ្ញាធរទទួលបន្ទុកជំនួយយោធាបរទេស (PDA) នៅតែមានសម្រាប់ឱ្យលោក Biden ផ្ដល់ឱ្យទីក្រុងគីវ ដោយមិនទាមទារការអនុម័តពីសភានោះទេ៕