មេដឹកនាំគណបក្សប្រឆាំងកូរ៉េខាងត្បូង លោក លី ជេម្យ៉ុង (Lee Jae-myung) បាននិយាយនៅថ្ងៃសុក្រ (១៣ ធ្នូ) នេះថា វិធីសាស្រ្តល្អបំផុតក្នុងការស្តារសណ្តាប់ធ្នាប់ក្នុងប្រទេសឡើងវិញគឺការចោទប្រកាន់ទម្លាក់តំណែងលោកប្រធានាធិបតី Yoon Suk Yeol ក្នុងការជំរុញមួយដើម្បីឱ្យសភាបោះឆ្នោតគាំទ្រញត្តិចោទប្រកាន់ ដែលបានគ្រោងនៅថ្ងៃសៅរ៍ (១៤ ធ្នូ) ស្អែកនេះ ទុកជុំវិញការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក Yoon ។

លោក Yoon កាលពីថ្ងៃព្រហស្បតិ៍ បានប្តេជ្ញាថានឹង "តស៊ូដល់ទីបញ្ចប់" ដោយបន្ទោសបក្សប្រឆាំងថាធ្វើឱ្យរដ្ឋាភិបាលជាប់គាំង។

មេដឹកនាំបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំង លោក Lee បានហៅការលើកឡើងរបស់លោក Yoon ថាជាការប្រកាសសង្គ្រាមប្រឆាំងនឹងប្រជាជន ដោយបន្ថែមថា "នេះបានបង្ហាញយ៉ាងច្បាស់ថា ការចោទប្រកាន់ទម្លាក់តំណែងគឺជាវិធីលឿនបំផុត និងមានប្រសិទ្ធភាពបំផុតដើម្បីបញ្ចប់ការភ័ន្តច្រឡំ និងស្ដារសណ្ដាប់ធ្នាប់ប្រទេស"។

លោក Yoon បានរួចខ្លួនពីការប៉ុនប៉ងលើកទីមួយដើម្បីចោទប្រកាន់ទម្លាក់តំណែងលោកកាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅពេលភាគច្រើននៃបក្សអំណាចប្រជាជន (PPP) ដែលកំពុងកាន់អំណាចរបស់លោក បានធ្វើពហិការមិនចូលរួមការបោះឆ្នោត ប៉ុន្តែចាប់តាំងពីពេលនោះមកសមាជិក PPP មួយចំនួនបានគាំទ្រជាសាធារណៈនូវការបោះឆ្នោតនោះ។
គណបក្សប្រឆាំង ត្រូវការសមាជិក PPP យ៉ាងតិចប្រាំបីនាក់ឱ្យចូលរួមដើម្បីអនុម័តសំណើនេះជាមួយនឹងសំឡេងភាគច្រើនពីរភាគបីដែលត្រូវការ៕