ប្រមុខសម្ព័ន្ធយោធាណាតូ លោក Mark Rutte បានព្រមានសម្ព័ន្ធមិត្តឆ្លងមហាសាគរអាត្លង់ទិកដឹកនាំដោយសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ថា ខ្លួនមិនទាន់បានត្រៀមសម្រាប់ការគំរាមកំហែងដែលនឹងប្រឈមមុខពីរុស្ស៊ី ក្នុងប៉ុន្មានឆ្នាំខាងមុខនេះនៅឡើយ ហើយបានអំពាវនាវឱ្យផ្លាស់ប្តូរផ្នត់គំនិតក្នុងពេលសង្គ្រាម ដោយការចំណាយលើវិស័យការពារជាតិច្រើនជាងមុន។

លោក Rutte បាននិយាយថា សមាជិកសម្ព័ន្ធយោធាណាតូ បានចំណាយច្រើនជាង ៣% នៃផលិតផលក្នុងស្រុកសរុប(GDP) លើវិស័យការពារជាតិក្នុងអំឡុងសង្គ្រាមត្រជាក់ ហើយការចំណាយនាពេលអនាគត នឹងត្រូវខ្ពស់ជាងគោលដៅបច្ចុប្បន្ន២% ។
លោក Rutte បាននិយាយនៅក្នុងសុន្ទរកថានៅទីក្រុងប្រ៊ុចសែល ថា «រុស្ស៊ីកំពុងត្រៀមសម្រាប់ការប្រឈមមុខរយៈពេលវែង ជាមួយអ៊ុយក្រែន និងជាមួយពួកយើង»។
អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ បាននិយាយថា «យើងមិនទាន់ត្រៀមខ្លួន សម្រាប់អ្វីដែលនឹងមកដល់ក្នុងរយៈពេល៤ ទៅ៥ ឆ្នាំទៀត នៅឡើយ» ហើយ វាដល់ពេលដែលត្រូវផ្លាស់ប្តូរទៅកាន់ផ្នត់គំនិតក្នុងពេលសង្រ្គាម ដោយផ្តោតលើការផលិតនិងការចំណាយលើវិស័យការពារជាតិរបស់យើង។