ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃនេះ បានជំរុញដល់ម្ចាស់រោងចក្រ សហគ្រាសទាំងអស់ បង្កើនការលើកកម្ពស់ការងារនៅតាមរោងចក្រសហគ្រាសរបស់ខ្លួន ជាពិសេស ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បន្តទៀត ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅកន្លែង ធ្វើការ ដោយត្រូវអនុវត្តតាមការណែនាំនូវវិធានការសុខាភិបាល។
ក្នុងពិធីប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាពនិងសុខភាពការងារ នៅព្រឹកថ្ងៃទី២៨ តុលា ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធវីដេអូ ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង បង្កើនការយល់ដឹង និងកិច្ចសហប្រតិបត្តិការស្តីពីសុវត្ថិភាព និងសុខភាពការងារដល់ស្ថាប័នរដ្ឋ អង្គការជាតិ អង្គការអន្តរជាតិជាដៃគូ សមាគមនិយោជក សហជីព និងកម្មករ និយោជិត ដើម្បីលើកកម្ពស់វប្បធម៌នៃបង្ការសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ និងជំរុញការលើក កម្ពស់បន្ថែមចលនា ទាក់ទាញការគាំទ្រផ្នែកនយោបាយ និងថវិកាក្នុងការបង្ការ និងកាត់បន្ថយការបាត់បង់ជីវិត គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅទូទាំងពិភពលោក។
ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង ជំរុញម្ចាស់រោងចក្រ សហគ្រាសត្រូវបន្តអនុវត្តតាមសេចក្តីជូនដំណឹងរបស់ក្រសួង, រៀបចំកន្លែងលាងសម្អាតដៃ ឬកំប៉ុងទឹកអាល់កុល ឬជែលសម្រាប់កម្មករនិយោជិត លាងសម្អាតទៅតាមទីតាំង ដែលប្រើប្រាស់រួមគ្នា ដូចជាច្រកចេញចូល កន្លែងហូបបាយ បន្ទប់ទឹកជាដើម, បង្កើនការយកចិត្តទុកក្នុងការបាញ់ សម្លាប់មេរោគ និងណែនាំដល់កម្មករនិយោជិតឲ្យពាក់ម៉ាស់ជាប្រចាំ និងប្រកាន់ខ្ជាប់នូវអនុសាសន៍ណែនាំ របស់សម្តេចតេជោហ៊ុន សែន ៣កុំ ៣ការពារ។ល។
សូមជម្រាបថា នេះជាឆ្នាំទី១៦ ដែលក្រសួងការងារ រៀបចំទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ ក្រោមកិច្ចសហការផ្នែកបច្ចេកទេសជាមួយអង្គការអន្តរជាតិខាងការងារ (ILO) តាមរយៈគម្រោងលើកកម្ពស់ស្តង់ ដាសុវត្ថិភាព និងសុខភាពការងារ ក្នុងវិស័យសំណង់ (ILO-OSH) និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) និងក្នុងគោលបំណងជំរុញគ្រប់ភាគីពាក់ព័ន្ធដើម្បីរៀបចំផែនការឆ្លើយតប និងវិធានការណ៍ ចាំបាច់ នានា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកន្លែងធ្វើការ។ ឆ្នាំនេះ គឺជាឆ្នាំទី២ហើយ ដែលកម្ពុជា ប្រារព្ធពិធីនេះឡើងតាមប្រព័ន្ធវីដេអូ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩៕