កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានធ្វើឲ្យខូចខាតធ្ងន់ធ្ងរប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសស៊ីរី ដោយបានបំផ្លាញជាង៩០ភាគរយនៃប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រ បាញ់ពីដី ទៅអាកាស។

នៅក្នុងសេចក្តីថ្លែងការណ៍ កងកម្លាំងការពារស៊ីស្រាអែល បានបង្ហាញថា ខ្លួនបាននឹងកំពុងធ្វើការវាយតម្លៃគ្រប់ជ្រុងជ្រោយអំពីស្ថានភាពរបស់ប្រទេសស៊ីរី ដោយយកមកពិចារណាពីការដួលរលំរបបលោក Bashar al-Assad ។

សេចក្តីថ្លែងការណ៍បាននិយាយថា «នៅក្នុងការត្រៀមសម្រាប់សេណារីយ៉ូបែបនេះ កងទ័ពអាកាស បានបង្កើតផែនការវាយប្រហារទ្រង់ទ្រាយធំ សំដៅបំផ្លាញសមត្ថភាពយោធារបស់ប្រទេសស៊ីរី រួមទាំងសព្វាវុធយុទ្ធសាស្ត្រ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ យន្តហោះប្រយុទ្ធ និងយន្តហោះរបស់អ៊ីស្រាអែលរាប់រយគ្រឿងបានបើកការវាយលុកលើអាវុធយុទ្ធសាស្ត្រភាគច្រើនបំផុតរបស់ប្រទេសស៊ីរី រួមមានទាំងយន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ មីស៊ីល យានដ្រូន រ៉ាដា និងគ្រាប់រ៉ុក្កែត។
សេចក្តីថ្លែងការណ៍របស់កងកម្លាំងការពារអ៊ីស្រាអែល(IDF) បានបញ្ជាក់ថា ប្រតិបត្តិការទាំងនេះ មានគោលបំណងធ្វើឱ្យអន្តរាយដល់សមត្ថភាពយោធាកម្រិតខ្ពស់របស់ប្រទេសស៊ីរី ក្នុងពេលមានភាពតានតឹងកាន់តែខ្លាំងឡើង នៅក្នុងតំបន់។