ក្រុមអ្នកតវ៉ានៅក្នុងប្រទេសកូរ៉េខាងត្បូង បានប៉ះទង្គិចជាមួយនគរបាល នៅជិតលំនៅឋានរបស់ប្រធានាធិបតី លោក Yoon Suk Yeol កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ដោយអំពាវនាវឱ្យមានការចោទប្រកាន់លើលោក។

ហ្វូងមនុស្ស បានសម្រុកទៅកាន់តំបន់នោះរាប់រយនាក់ បន្ទាប់ពី លោក Yoon បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា លោកនឹង «តស៊ូដល់ទីបញ្ចប់»។
វាបានកើតឡើង នៅពេលដែលគណបក្សប្រឆាំងរបស់កូរ៉េខាងត្បូង បានដាក់សេចក្តីស្នើច្បាប់ចោទប្រកាន់ជាលើកទីពីរ ជុំវិញបទបញ្ជាច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក Yoon កាលពីសប្តាហ៍មុន ហើយគណបក្សរបស់លោកផ្ទាល់ ក៏បានខិតចូលកាន់តែជិតទៅរកការបោះឆ្នោតប្រឆាំងលោក។

អ្នកតវ៉ានិយាយថា «ខ្ញុំនៅទីនេះ នៅខាងមុខលំនៅឋានរបស់ លោក Yoon Suk Yeol ប៉ុន្តែនគរបាលកំពុងដាក់របាំងការពារ និងរារាំងយើងមិនឱ្យធ្វើដំណើរទៅមុខ។ ខ្ញុំនៅទីនេះក្នុងនាមជាពលរដ្ឋ។ លោក Yoon Suk Yeol ថ្លែងសុន្ទរកថាពេលនេះ វាគ្មានន័យអ្វីទាំងអស់ ហើយវាបានធ្វើឱ្យខ្ញុំខឹងសម្បាយ៉ាងខ្លាំង។ ដូច្នេះខ្ញុំសម្រេចចិត្តចូលរួមក្នុងបាតុកម្មនៅទីនេះ!»
សភារបស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថានឹងបោះឆ្នោតលើសេចក្តីស្នើច្បាប់ដាក់ការចោទប្រកាន់លើកទីពីរ នៅថ្ងៃសៅរ៍។
សេចក្តីស្នើច្បាប់ដំបូង បានបរាជ័យដោយសារតែការធ្វើពហិការដោយសមាជិកភាគច្រើននៃគណបក្សអំណាចប្រជាជន(PPP) របស់ លោក Yoon ។ ទោះជាយ៉ាងណា មេដឹកនាំគណបក្ស PPP បាននិយាយថា ដល់ពេលហើយសម្រាប់លោក Yoon ដើម្បីលាចេញពីតំណែង បើមិនដូច្នេះទេនឹងត្រូវបានចោទប្រកាន់ដោយសភា។ យ៉ាងហោចណាស់ សមាជិក៧នាក់នៃគណបក្សរបស់លោក Yoon ត្រូវបានគេរំពឹងថា នឹងគាំទ្រចំពោះញត្តិចោទប្រកាន់ថ្មីនេះ។