ក្រុមមន្ត្រីជំនិតរបស់លោកEmmanuel Macron បាននិយាយថាលោកប្រធានាធិបតីបារាំង នឹងតែងតាំងនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃសុក្រ១២ធ្នូ នេះ ក្រោយជាប់គាំងជាច្រើនថ្ងៃជុំវិញការស្វែងរកបេក្ខជនជំនួសតំណែងលោក មីឆែល បានីញ៉េ (Michel Barnier) ដែលការបណ្តេញចេញពីតំណែងតាមរយៈ សភា បានជំរុញឱ្យប្រទេសបារាំងធ្លាក់ក្នុងវិបត្តិថ្មី។

លោក បានីញ៉េ ត្រូវបានផ្តួលរំលំនៅក្នុងការបោះឆ្នោតដកសេចក្ដីទុកចិត្តជាប្រវត្តិសាស្ត្រកាលពីថ្ងៃទី ៤ ខែធ្នូ ហើយមានការរំពឹងទុកថាលោក Macron នឹងប្រកាសអ្នកស្នងតំណែងរបស់នាយករដ្ឋក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិនៅថ្ងៃបន្ទាប់។

ប៉ុន្តែនៅក្នុងសញ្ញានៃភាពជាប់គាំងក្នុងនយោបាយបារាំង បន្ទាប់ពីការបោះឆ្នោតសភាគ្មានបក្សណាមួយឈ្នះសំឡេងភាគច្រើនដាច់ខាតនៅរដូវក្តៅនេះ លោកពុំបានបញ្ចេញឈ្មោះអ្នកស្នងតំណែងរបស់នាយករដ្ឋមន្ត្រីថ្មី នៅពេលនោះ ហើយឥឡូវនេះបានខកខានពេលវេលាកំណត់រយៈពេល៤៨ ម៉ោងដែលរូបលោកបានផ្តល់ឱ្យនៅក្នុងកិច្ចប្រជុំក្រុមមេដឹកនាំគណបក្សផ្សេងៗ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។

កាលពីថ្ងៃព្រហស្បតិ៍ លោក Macron បានចាកចេញពីប្រទេសបារាំងក្នុងដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃទៅកាន់សហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តណាតូដ៏សំខាន់គឺប៉ូឡូញ ប៉ុន្តែបានកាត់បន្ថយពេលវេលាដំណើរទស្សនកិច្ច ដើម្បីសម្រេចការតែងតាំងប្រមុខរដ្ឋាភិបាលនេះ៕