ប្រទេសចិន នៅថ្ងៃសុក្រ (១៣ ធ្នូ) នេះ បានចោទហ្វីលីពីន ថាបាន "បង្កបញ្ហា" នៅក្នុងសមុទ្រចិនខាងត្បូង ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក មួយសប្តាហ៍បន្ទាប់ពីទីក្រុងប៉េកាំង និងទីក្រុងម៉ានីល បានចោទដាក់គ្នាទៅមកជុំវិញការប្រឈមមុខគ្នាថ្មីមួយនៅក្នុងដែនទឹកជម្លោះ។

លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិន បាននិយាយនៅលើគណនី WeChat ផ្លូវការរបស់ខ្លួនថា "ភាគីហ្វីលីពីន ដោយមានការគាំទ្រ និងការស្នើសុំពីអាមេរិក បាននិងកំពុងបង្កបញ្ហានៅកន្លែងជាច្រើនក្នុងសមុទ្រចិនខាងត្បូង"។

លោកបន្តថា “ហ្វីលីពីន ដឹងច្បាស់ថា វិសាលភាពនៃទឹកដីរបស់ខ្លួនត្រូវបានកំណត់ដោយសន្ធិសញ្ញាអន្តរជាតិជាបន្តបន្ទាប់ ហើយមិនដែលបានរាប់បញ្ចូលប្រជុំកោះ ស្រ្ពាតលី (Spratly) និងថ្មប៉ប្រះទឹក ស្កាបូរ៉ូ ស្ហូល (Scarborough Shoal) របស់ចិនឡើយ"។

ភាពតានតឹងរវាងចិន និងហ្វីលីពីនជុំវិញសមុទ្រចិនខាងត្បូង បានកើនឡើងពេញមួយឆ្នាំនេះ ជាពិសេសនៅលើដែនទឹក Scarborough Shoal ដែលជាកន្លែងនេសាទដ៏សំខាន់។ ការបន្តគាំទ្រ និងជ្រៀតជ្រែក ជាពិសេសសមយុទ្ធយោធារបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយហ្វីលីពីន និងសម្ព័ន្ធមិត្តនៅសមុទ្រចិនខាងត្បូង ជារឿងៗបានធ្វើឱ្យទីក្រុងប៉េកាំង ខឹងសម្បារយ៉ាងខ្លាំង៕