សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឱ្យក្រសួងពាណិជ្ជកម្ម ក៏ដូចជា ស្ថាប័នពាក់ព័ន្ធលើវិស័យពាណិជ្ជកម្ម ត្រូវខិតខំបន្ថែមទៀតទៅលើទំនាក់ទំនងជាមួយដៃគូ ជាពិសេស ត្រូវឧស្សាហ៍ មានជំនួបដោយផ្ទាល់ជាមួយគ្នា បើទោះបីមានគោលនយោបាយច្បាស់លាស់ ដែលត្រូវបានដាក់ចេញរួចហើយក្តី ។ ការណ៍នេះ នឹងជួយជំរុញឱ្យដំណើរការពាណិជ្ជកម្មកាន់តែមានការរីកចម្រើន ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើក «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE)» ដែលជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ នាព្រឹកថ្ងៃទី ១៣ ខែធ្នូ នេះ បានផ្ដល់អនុសាសន៍ដល់ក្រសួងពាណិជ្ជកម្ម ឱ្យបន្តយកចិត្តទុកដាក់ទៅលើយន្តការ កិច្ចសន្ទនាជា មួយវិស័យឯកជនឱ្យបានច្រើន ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងសំណូមពរពីវិស័យឯកជន ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ដោយចាត់ទុកថា រឿងខ្លះអាចដោះស្រាយបានដោយមិនលំបាកទេ សំខាន់គឺការបានជួបសន្ទនាគ្នាផ្ទាល់ ។
សូមបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា មានគោលបំណងតាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា ពិសេសទំនិញនាំចេញ-នាំចូលសំខាន់ៗ និងសេវាកម្មដែលមានលក្ខណៈពិសេស របស់បណ្តាអ្នក ផ្គត់ផ្គង់ជុំវិញពិភពលោក ៕អត្ថបទ៖ មុត សុទ្ធ










