ការដួលរលំទាំងស្រុងនៃរបបស៊ីរីរបស់លោក បាសា អាល់អាសាដ (Bashar al-Assad) បានបង្ហាញឲ្យឃើញជ្រុងដ៏ងងឹតនៃការគ្រប់គ្រងរបស់គាត់ រួមទាំងការនាំចេញតាមខ្នាតឧស្សាហកម្មនៃគ្រឿងញៀន captagon ដែលត្រូវបានហាមឃាត់ផងដែរ។ ក្រុមយុទ្ធជនដឹកនាំដោយក្រុមឥស្លាមនិយម ដែលបានទទួលជ័យជម្នះ បានរឹបអូសយកមូលដ្ឋានយោធា និងមជ្ឈមណ្ឌលចែកចាយសម្រាប់ថ្នាំជំនួយកម្លាំងប្រភេទ អាំហ្វេតាមីន ដែលមានលក់យ៉ាងសម្បួរបែប នៅតាមទីផ្សារងងឹត នៅទូទាំងមជ្ឈឹមបូព៌ា។
ដឹកនាំដោយក្រុម Hayat Tahrir Al-Sham (HTS) ក្រុមឧទ្ទាម បាននិយាយថា ពួកគេបានរកឃើញថ្នាំញៀនយ៉ាងច្រើន ហើយបានប្តេជ្ញាថា នឹងបំផ្លាញពួកវាឲ្យអស់។
កាលពីថ្ងៃពុធ ក្រុមអ្នកប្រយុទ្ធ HTS បានអនុញ្ញាតឲ្យសារព័ត៌មាន AFP ចូលទៅក្នុងឃ្លាំងមួយ នៅឯកន្លែងជីកយកថ្មមួយ នៅជាយក្រុងដាម៉ាស ( Damascus) ជាទីដែលថ្នាំគ្រាប់ captagon ត្រូវបានលាក់ទុក នៅក្នុងសម្ភារៈអគ្គិសនីសម្រាប់នាំចេញ។
យុទ្ធជនពាក់ម៉ាស់ខ្មៅ Abu Malek Al-Shami បាននិយាយថា៖«បន្ទាប់ពីយើងបានចូល និងធ្វើការបោសសម្អាត ហើយយើងបានរកឃើញថា កន្លែងជីកយកថ្មនេះ គឺជារោងចក្ររបស់លោក Maher Assad និងដៃគូរបស់ខ្លួន លោក Amer Khiti» ។
លោក Maher Assad គឺជាមេបញ្ជាការយោធា និងជាបងប្រុសរបស់បុរសខ្លាំង ដែលត្រូវបានទម្លាក់អំណាច ដែលឥឡូវនេះ ត្រូវបានសន្មតថា កំពុងរត់គេចខ្លួន។ លោកត្រូវបានគេចោទប្រកាន់យ៉ាងទូលំទូលាយថា ជាអ្នកមានឥទ្ធិពលនៅពីក្រោយការជួញដូរគ្រឿងញៀន captagon ដែលរកប្រាក់កម្រៃបានយ៉ាងច្រើននេះ។