សារព័ត៌មាន Wall Street Journal បានរាយការណ៍ថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានស្នើឲ្យអឺរ៉ុបដាក់ពង្រាយកងទ័ពរបស់ខ្លួន ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីតាមដានបទឈប់បាញ់ដ៏មានសក្តានុពល។
នៅក្នុងកិច្ចប្រជុំនៅទីក្រុងប៉ារីសកាលពីថ្ងៃទី ០៧ ខែធ្នូ លោក Trump បានប្រាប់ប្រធានាធិបតីអ៊ុយ ក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង( Emmanuel Macron)ថា៖«លោកមិនគាំទ្រសមាជិកភាពអ៊ុយក្រែនចូលទៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(ណាតូ) នោះទេ ប៉ុន្តែថា លោកចង់ឃើញអ៊ុយក្រែនត្រូវបានបំពាក់អាវុធល្អនិងរឹងមាំ។ នេះបើតាមរបាយការណ៍។
សារព័ត៌មាននេះ បានឲ្យដឹងទៀតថា លោក Trump បាននិយាយថា អឺរ៉ុបគួរតែដើរតួនាទីសំខាន់ ក្នុងការការពារ និងគាំទ្រអ៊ុយក្រែន។ សហរដ្ឋអាមេរិក អាចគាំទ្រកិច្ចខិតខំប្រឹងប្រែងនេះ ទោះបីជាខ្លួន នឹងមិនបញ្ជូនកងទ័ពរបស់ខ្លួនក៏ដោយ។
លើសពីនេះ លោក Trump បានបង្ហាញគំនិតថា អឺរ៉ុបគួរតែស្នើឲ្យចិនដាក់សម្ពាធលើរុស្ស៊ីឲ្យបញ្ចប់ ជម្លោះនេះ។ នេះបើយោងតាមរបាយការណ៍។ ភាគីទាំងពីរ បានពិភាក្សាអំពីការដំឡើងពន្ធលើប្រទេសចិនថា ជា«មធ្យោបាយមួយ ដើម្បីទទួលបានផលប្រយោជន៍»។
កាសែត The Wall Street បានរាយការណ៍ថា មន្ត្រីអឺរ៉ុប បាននិយាយថា ពួកគេជឿថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកនេះ មិនទាន់ «បង្កើតផែនការច្បាស់លាស់អំពីអ្វីដែលត្រូវធ្វើ»អំពីអ៊ុយក្រែននៅឡើយ។