ក្រុមបាតុករដែលបានជួបជុំគ្នាទាមទារឲ្យមានការចោទប្រកាន់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ទទួលបានការគាំទ្រផ្នែកសីលធម៌កាន់តែច្រើន ពេលដែលពួកគេទទួលបានកាហ្វេ និងអាហារសម្រន់ដោយឥតគិតថ្លៃ ។
ពលរដ្ឋនៅទូទាំងប្រទេស ប្រើប្រាស់កម្មវិធីចែកចាយ ដើម្បីបញ្ជាទិញជាមុននូវចំណីអាហារ និងភេសជ្ជៈ ជាការគាំទ្រដល់ក្រុមបាតុករដែលពុះពារ ស៊ូទ្រាំក្រោមសីតុណ្ហភាពត្រជាក់ខ្លាំងនៅក្រៅរដ្ឋសភាកូរ៉េខាងត្បូង ស្ថិតក្នុងទីក្រុងសេអ៊ូល ។
អ្នកស្រី Kang Mi-hyun ដែលជាម្ចាស់ហាងកាហ្វេ Royal Host ជិតរដ្ឋសភា និយាយថា ការបញ្ជាទិញ ហក់ឡើងខ្ពស់គួរឲ្យកត់សំគាល់ ។
អ្នកស្រី Kangនិយាយថា ដំបូងមាននូវការបញ្ជាទិញកាហ្វេខ្មៅក្តៅប្រហែល ២០កែវ ការហ្វេទឹកដោះគោ ២០កែវ និងនំពងទាចំនួន ១០ ប៉ុណ្ណោះ ប៉ុន្តែឥឡូវ មានការបញ្ជាទិញបង់ប្រាក់មុននូវភេសជ្ជៈចំនួន ១០០កែវ ហើយសម្រាប់ការជួបជុំគ្នានៅថ្ងៃស្អែកនេះ មាននូវការបញ្ជាទិញបង់ប្រាក់មុនចំនួន ១ពាន់កែវឯណោះ ។
ការបង្ហោះសារនៅលើបណ្តាញព័ត៌មានសង្គម X បានចែករំលែកឈ្មោះកាហ្វេ និងភោជនីយដ្ឋានដែលទទួលបានការបញ្ជាទិញជាមុន ហើយបាតុករ អាចទទួលបានភេសជ្ជៈ និងអាហារសម្រន់ដោយឥតគិតថ្លៃ ដោយគ្រាន់តែផ្តល់ឈ្មោះសម្រាប់ការទូទាត់ថ្លៃ ។ អ្នកស្រី Kang បានរុញរទេះរបស់គាត់ ដើម្បីចែកចាយភេសជ្ជៈម្តងម្នាក់ៗ ដល់បាតុករផងដែរ ។
អ្នកនាង Heo Kang-hu គឺជាបាតុករមួយរូប បានថ្លែងអំណរគុណសម្រាប់ភេសជ្ជៈដ៏មានអត្ថន័យជ្រាលជ្រៅនេះ ហើយនាងមានអារម្មណ៍ថាទទួលបានការគាំទ្រសម្រាប់ការចូលរួមពិធីប្រមូលផ្តុំគ្នាមួយនេះ ៕