ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយការពារប្រតិបត្តិការរបស់អ៊ីស្រាអែល នៅក្នុងប្រទេសស៊ីរី ចាប់តាំងពីការដួលរលំរបស់របបលោកប្រធានាធិបតី Bashar al-Assad ដោយបានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ (ទី១២ ខែធ្នូ) ថា ប្រទេសនេះមានសិទ្ធិការពារខ្លួនកុំឲ្យកើតហានិភ័យលើសន្តិសុខរបស់ខ្លួន។
ចាប់តាំងពីការដួលរលំនៃរដ្ឋាភិបាលរបស់លោក Assad ដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីចុងសប្តាហ៍ អ៊ីស្រាអែលបានចល័តកងទ័ពចូលទៅក្នុងតំបន់ការពារនៅផ្នែកខាងស៊ីរីនៃបន្ទាត់ខណ្ឌចែកជាមួយតំបន់ Golan Heights ដែលត្រូវបានកាន់កាប់ដោយអ៊ីស្រាអែល ហើយបានធ្វើការវាយប្រហារតាមអាកាសរាប់រយដងដើម្បីបំផ្លាញអាវុធ និងគ្រឿងយុទ្ធោបករណ៍របស់កងទ័ពស៊ីរី។
បន្ទាប់ពីជំនួបជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu លោក Sullivan បានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុង Tel Aviv ថា៖ «អ្វីដែលអ៊ីស្រាអែលកំពុងធ្វើ គឺជាការព្យាយាមកំណត់អត្តសញ្ញាណការគំរាមកំហែងអាចកើតមាន ទាំងពីអាវុធធម្មតា និងអាវុធមហាប្រល័យ ដែលអាចគំរាមកំហែងដល់អ៊ីស្រាអែល ហើយថែមទាំងគំរាមកំហែងដល់តំបន់ផ្សេងផងដែរ»។
បន្ទាប់ពីលោក Assad ឡើងយន្តហោះចាកចេញពីប្រទេសស៊ីរី យន្តហោះចម្បាំង និងនាវាមីស៊ីលរបស់អ៊ីស្រាអែល បានវាយប្រហារគោលដៅយោធាជាច្រើន ដែលរួមមានយន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ នាវាកងទ័ពជើងទឹក កន្លែងស្តុកមីស៊ីល និងទីតាំងផលិតអាវុធ ដើម្បីរារាំងកុំឲ្យអាវុធទាំងនោះធ្លាក់ចូលទៅក្នុងដៃរបស់កងកម្លាំងឧទ្ទាម ដែលបានផ្តួលរំលំលោក Assad៕