អាមេរិក៖ តំណាងពាណិជ្ជកម្មអាមេរិកលោកស្រី Katherine Tai បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការចូលរួមរបស់លោកស្រីជាមួយប្រទេសចិនគឺសំដៅកាត់បន្ថយកំដៅនៃទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២ ដែលបានឡើងកំដៅយ៉ាងខ្លាំង។

ថ្លែងនៅក្នុងកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាជាតិ National Chicken Council លោកស្រី Tai បាននិយាយថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសចិនបានឈានដល់ចំណុចមួយដែលមានអារម្មណ៍ដូចជាកាន់តែយ៉ាប់យ៉ឺនទៅ ហើយការយល់ច្រឡំមួយទំនងជាផ្ទុះឡើងជាភ្លើងដ៏ធំមួយ ដែលអាចផលប៉ះពាល់យ៉ាងខ្លាំងសម្រាប់យើងទាំងអស់គ្នា។ ក្នុងខែនេះ លោកស្រី Tai បានសន្ទនាតាមទូរស័ព្ទជាមួយឧបនាយករដ្ឋមន្ត្រីចិនលោក Liu He ដើម្បីពិភាក្សាអំពីការកង្វះខាតរបស់ចិន ក្នុងការអនុលោមតាមកិច្ចព្រមព្រៀងពាណិជ្ជកម្ម "ដំណាក់កាលទី១" ជាមួយសហរដ្ឋអាមេរិកដែលបានឈានដល់កិច្ចព្រមព្រៀង ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump។
ក្រុមមន្ត្រីអាមេរិកបានចាត់ទុកការសន្ទនាតាមទូរស័ព្ទនេះថា ជាការសាកល្បងនៃទំនាក់ទំនងទ្វេភាគីជាមួយទីក្រុងប៉េកាំង ខណៈដែលមន្ត្រីចិនបានជំរុញលោកស្រី Tai ឲ្យលុបចោលការតំឡើងពន្ធលើមុខទំនិញរបស់ចិន។ កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Tai បាននិយាយថា គោលបំណងរបស់លោកស្រីគឺធ្វើឲ្យកំដៅថយចុះ ដើម្បីឲ្យយើងអាចមានទំនាក់ទំនងជាធម្មតា និងការសន្ទនាប្រកបដោយភាពរលូនអំពីរបៀបដែលយើងអាចរក្សាស្ថិរភាព ផ្នែកពាណិជ្ជកម្មរបស់យើងដែលកំពុងដំណើរការ៕
អត្ថបទ៖ សុខមាន