ក្រសួងការបរទេសបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ (ទី១២ ខែធ្នូ)ថា សហរដ្ឋអាមេរិកនឹងហាមឃាត់មិនឲ្យចេញទិដ្ឋាការ សម្រាប់បុគ្គលប្រហែល ២០នាក់ ដែលត្រូវទទួលខុសត្រូវ ចំពោះ «ការបំផ្លាញលទ្ធិប្រជាធិបតេយ្យ នៅហ្សកហ្ស៊ី» ក្នុងនោះរួមទាំងរដ្ឋមន្ត្រីរដ្ឋាភិបាល សមាជិកសភា និងមន្ត្រីសន្តិសុខផងដែរ។
តែសេចក្តីថ្លែងការណ៍របស់ក្រសួង មិនបានបញ្ចេញឈ្មោះបុគ្គលដែលនឹងត្រូវបានហាមឃាត់មិនឲ្យទទួលបានទិដ្ឋាការសហរដ្ឋអាមេរិកនោះទេ។
គួររំលឹកថា មនុស្សរាប់រយនាក់ត្រូវបានចាប់ខ្លួន ក្នុងប្រទេសហ្សកហ្ស៊ី ចាប់តាំងពីការតវ៉ា នាពេលយប់ បានផ្ទុះឡើង កាលពីជិត ២សប្តាហ៍មុន ប្រឆាំងនឹងការសម្រេចរបស់គណបក្សកាន់អំណាច Georgian Dream ដែលពន្យារពេលគោលដៅយូរអង្វែងរបស់អតីតសាធារណរដ្ឋសូវៀតមួយនេះ ក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប (EU)។
ក្រសួងការបរទេសបានឲ្យដឹងថា៖ «សហរដ្ឋអាមេរិកថ្កោលទោសយ៉ាងខ្លាំង ចំពោះការប្រើអំពើហិង្សាដែលកំពុងមាន ដ៏ឃោរឃៅ និងអយុត្តិធម៌របស់គណបក្ស Georgian Dream លើពលរដ្ឋហ្សកហ្ស៊ី រួមមានអ្នកតវ៉ា សមាជិកនៃប្រព័ន្ធផ្សព្វផ្សាយ សកម្មជនសិទ្ធិមនុស្ស និងឥស្សរជនប្រឆាំង»។
សេចក្ដីថ្លែងការណ៍បានបន្ថែមថា ក្រសួងកំពុងរៀបចំវិធានការបន្ថែម ក្នុងនោះរួមទាំងការដាក់ទណ្ឌកម្មផងដែរ ដើម្បីឲ្យមានការទទួលខុសត្រូវពីអ្នកដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យ នៅហ្សកហ្ស៊ី៕