លោក ឧត្តមសេនីយ៍ Mohsen Rezaee លេខាធិការនៃក្រុមប្រឹក្សាវិនិច្ឆ័យសុចរិតភាពរបស់អ៊ីរ៉ង់ និងជាអតីតមេបញ្ជាការកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បាននិយាយថា យ៉ាងហោចណាស់មានប្រទេសចំនួន ៤ បានចូលរួមយ៉ាងសកម្ម នៅក្នុងរដ្ឋប្រហារយោធានាពេលថ្មីៗនេះ នៅក្នុងប្រទេសស៊ីរី។
លោក Rezaee បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Fars ថា៖«មូលហេតុចម្បងនៅពីក្រោយអ្វីដែលបានកើតឡើងនៅក្នុងប្រទេសស៊ីរី គឺភាពអសមត្ថភាពរបស់កងកម្លាំងជើងគោករបស់ស៊ីរី ក្នុងការទប់ទល់។ មានតែកងទ័ពអាកាសស៊ីរីប៉ុណ្ណោះ បានប្រយុទ្ធក្នុងអំឡុងពេលបីថ្ងៃដំបូង។ ហេតុផលមួយទៀត គឺទីក្រុងដាម៉ាស ត្រូវបានឡោមព័ទ្ធពីភាគខាងជើង និងភាគខាងត្បូង។
កាលពីចុងខែវិច្ឆិកា អង្គភាពប្រឆាំងប្រដាប់អាវុធ បានបើកការវាយលុកទ្រង់ទ្រាយធំលើទីតាំងដែលកាន់កាប់ដោយកងកម្លាំងរដ្ឋាភិបាលស៊ីរី ក្នុងខេត្ត Aleppo និង Idlib ។ នៅថ្ងៃទី ០៨ ខែធ្នូ ពួកគេបានចូលក្នុងក្រុងដាម៉ាស ដោយជំរុញឲ្យទាហានរដ្ឋាភិបាលដកចេញពីរដ្ឋធានីនេះ។ លោក បាសា អាល់អាសាដ បានចុះចេញពីតំណែង ជាប្រធានាធិបតីស៊ីរី ហើយបានចាកចេញពីប្រទេស ដោយចេញសេចក្តីណែនាំ ដើម្បីធានាឲ្យមានការផ្លាស់ប្តូរអំណាចដោយសន្តិវិធី។ នៅថ្ងៃទី ១០ ខែធ្នូ លោក Mohammed al-Bashir ដែលបានដឹកនាំអ្វីដែលហៅថា រដ្ឋាភិបាលស្រោចស្រង់ជាតិស៊ីរី នៅក្នុងទីក្រុង Idlib ចាប់តាំងពីខែមករា ឆ្នាំ ២០២៤ បានប្រកាសតែងតាំងលោក ជាប្រមុខរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី។