នៅថ្ងៃសុក្រនេះ រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បាននិយាយថា ទីក្រុងប៉េកាំង បានឯកភាពគ្នាជាមួយអេហ្ស៊ីបថា ប្រទេសទាំង ២ គួរលើកកម្ពស់សន្តិភាព និងកិច្ចចរចាសម្រេចបានស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា ។
លោក Wang បានផ្តល់អនុសាសន៍បែបនេះ អំឡុងជំនួបជាមួយសមភាគអេហ្ស៊ីបរបស់លោក គឺលោក Badr Abdelatty នៅទីក្រុងប៉េកាំង ។
លោកថា ប្រទេសទាំង ២ព្រួយបារម្ភខ្លាំងពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសស៊ីរី ហើយលោកបានអំពាវនាវឲ្យគោរពអធិបតេយ្យភាព ឯករាជ្យជាតិ និងបូរណភាពទឹកដីប្រទេសមួយនេះ ។
លោក Wang បាននិយាយផងដែរថា ប្រទេសទាំង ២ ចិន និងអេហ្ស៊ីប ស្វាគមន៍កិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងប្រទេសលីបង់ ។
លោកបន្តទៀតថា ការសម្រេចបានបទឈប់បាញ់ និងការបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា គឺជាចំណុចចាប់ផ្តើមដ៏សំខាន់មួយសម្រាប់ការវិលត្រឡប់ទៅរកសនិ្តភាព ទៅរកស្ថានភាពប្រក្រតីនៅក្នុងតំបន់ ។
លោក Wang បញ្ជាក់ថា ដំណោះស្រាយរដ្ឋ ២ គឺជាមធ្យោបាយគ្រឹះដ៏រឹងមាំមួយឆ្ពោះទៅការដោះស្រាយសំនួរប៉ាឡេស្ទីន ។ ពួកយើងត្រូវតែគាំទ្រពួកគេ ក្នុងការពង្រឹងសាមគ្គីភាពផ្ទៃក្នុងរបស់ពួកគេ និងសម្រេចបានដំណោះស្រាយគ្រប់ជ្រុងជ្រោយ និងជារៀងរហូតចំពោះសំនួរប៉ាឡេស្ទីន តាមរយៈកិច្ចចរចានយោបាយ ដោយអនុលោមតាមសេចក្តីសម្រេចពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ ៕