នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយទៅកាន់ប្រជាជនអ៊ីរ៉ង់នៅក្នុងសារជាវីដេអូ ជាមួយនឹងការធានាថា ប្រទេសរបស់លោក ចង់បានសន្តិភាព ហើយបាននិយាយថា អ៊ីរ៉ង់នឹងមានសេរីភាព «លឿនជាងមនុស្សគិតទៅទៀត»។
លោកបានថ្លែងជាភាសាអង់គ្លេសថា៖«ខ្ញុំចង់បញ្ជាក់ឲ្យច្បាស់៖ អ៊ីស្រាអែល ចង់បានសន្តិភាព។ យើងចង់បានសន្តិភាពជាមួយអ្នក ដែលពិតជាចង់បានសន្តិភាពជាមួយយើង ហើយខ្ញុំមិនមានការងឿងឆ្ងល់ថា អ្នក គឺប្រជាជនអ៊ីរ៉ង់ ដឹងរឿងនេះទេ។ ខ្ញុំដឹងថា យើងចង់បានសន្តិភាពជាមួយអ្នក ចំណែកអ្នកចង់បានសន្តិភាពជាមួយយើងដែរ ប៉ុន្តែអ្នករងទុក្ខនៅក្រោមការគ្រប់គ្រងរបស់របបដែលធ្វើបាបអ្នក និងគំរាមកំហែងយើង អ្នកដឹងហើយថា របបនេះ ពិតជាធ្វើឲ្យអ្នកភ័យខ្លាច ហើយខ្ញុំដឹងថា ថ្ងៃណាមួយ របបនេះ នឹងផ្លាស់ប្តូរ អ៊ីរ៉ង់នឹងមានសេរីភាព។ ស្ត្រី ជីវិត សេរីភាព នោះ គឺជាអនាគតរបស់អ៊ីរ៉ង់ នោះគឺជាអនាគតនៃសន្តិភាព ហើយខ្ញុំមិនមានការងឿងឆ្ងល់ទេថា ពួកយើងនឹងដឹងថា អនាគតនេះ កើតឡើងលឿនជាងអ្វីដែលប្រជាជនគិតទៅទៀត។ ខ្ញុំដឹងហើយខ្ញុំជឿថា យើងនឹងប្រែក្លាយមជ្ឈិមបូព៌ាទៅជាសញ្ញានៃវិបុលភាព វឌ្ឍនភាព និងសន្តិភាព»។
វីដេអូនៃសុន្ទរកថារបស់លោក ដែលមានចំណងជើងរង ជាភាសាហ៊ីប្រ៊ូ (Hebrew) និងភាសាហ្វាស៊ី (Farsi) ត្រូវបានបង្ហោះ ទៅក្នុងគណនីរបស់លោកនាយករដ្ឋមន្ត្រី នៅលើបណ្តាញសង្គម X។