នៅថ្ងៃសុក្រនេះ ក្រុមប្រជាកសិករឥណ្ឌា បានស៊ូទ្រាំនឹងអាកាសធាតុត្រជាក់ខ្លាំង ពេលដែលពួកគេបន្តបោះជំរំនៅតាមព្រំប្រទល់រដ្ឋ Punjab និងរដ្ឋ Haryana ដែលរារាំងដោយកងកម្លាំងសន្តិសុខ លើផ្លូវដង្ហែរក្បួនរបស់ពួកគេទៅកាន់ទីក្រុងញូវដែល្លី ជុំវិញការទាមទារពុំទាន់សម្រេចបានរបស់ពួកគេ ។
ក្រុមកសិករនិយាយថា ពួកគេគ្មានអ្នកជួយនោះទេ ស៊ូទ្រាំនឹងរដូវក្តៅដ៏អាក្រក់ ហើយឥឡូវមកស៊ូទ្រាំនឹងរដូវរងាដ៏ត្រជាក់ខ្លាំងទៀត ប៉ុន្តែពួកគេនឹងបន្តការតវ៉ា ដើម្បីទាមទារសិទ្ធិសេរីភាពរបស់ពួកគេ ។
ពួកគេបានបោះជំរំនៅទីក្រុង Shambhu ស្ថិតនៅព្រំប្រទល់រដ្ឋ Punjab ជាមួយរដ្ឋជិតខាង Haryana ចាប់តាំងពីខែកុម្ភៈរហូតមក ពេលដែលក្រុមនគរបាល បានបញ្ឈប់ក្បួនដង្ហែររបស់ពួកគេត្រឹមនេះ ។
កាលពីសប្តាហ៍មុន នគរបាលបង្រ្កាបកុបកម្មឥណ្ឌា បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកលើក្រុមកសិករតវ៉ា ដែលបានព្យាយាមឆ្លងកាត់របាំងការពារផ្លូវដង្ហែរក្បួនរបស់ពួកគេទៅកាន់ទីក្រុងដែល្លី ។
ក្រុមកសិករ កំពុងទាមទារឲ្យមានការធានាស្របច្បាប់លើការគាំទ្របន្ថែមទៀតពីរដ្ឋ សម្រាប់ដំណាំ របស់ពួកគេ និងការលើកលែងបំណុល ហើយពួកគេនិយាយថា រដ្ឋាភិបាលត្រូវតែគោរពតាមការសន្យាបង្កើនប្រាក់ចំណូលទ្វេដងរបស់ពួកគេ ។
រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានបង្ខំចិត្តលុបចោកច្បាប់កសិកម្មមួយចំនួនកាលពីឆ្នាំ ២០២១ ក្រោយការតវ៉ារយៈពេល ១ឆ្នាំ ដោយក្រុមកសិករ ពេលដែលពួកគេបោះជំរំនៅក្រៅទីក្រុងដែល្លី អស់រយៈពេលរាប់ខែ ៕