រូបភាពវីដេអូឃ្លីបដែលបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម ឃើញព្រិលធ្លាក់យ៉ាងក្រាស់គ្របដណ្តប់លើផ្ទះសម្បែងប្រជាពលរដ្ឋ និងរថយន្តនៅតំបន់រស់នៅអ្នកស្រុក ក្នុងតំបន់បឹង LakeView រដ្ឋញូវយ៉ក សហរដ្ឋអាមេរិក ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានទីតាំងពីលក្ខណៈអគារនៅក្បែរៗ បង្គោលភ្លើងនិងផែនទីផ្លូវ ដែលផ្គូរផ្គងជាមួយរូបភាពនៅតំបន់នោះ ប៉ុន្តែពួកគេអាចបញ្ជាក់កាលបរិច្ឆេតបានដោយផ្អែកលើប្រភពប៉ុណ្ណោះ ។
សេវាកម្មឧតុនិយមជាតិសហរដ្ឋអាមេរិក បានចេញការព្រមានពីឥទ្ធិពលបឹងនៅស្រុក Erie,Genesee, Wyoming, Chautauqua និងស្រុក Cattaraugus រហូតដល់យប់ថ្ងៃសុក្រ ថានឹងមានព្រិលធ្លាក់កម្រាស់ពី ៧ ទៅ ៩សង់ទីម៉ែត្រ ។
បន្ថែមពីលើការធ្លាក់ព្រិលយ៉ាងក្រាស់ខ្យល់បក់ខ្លាំងនឹងកាត់បន្ថយរយៈចម្ងាយមើលឃើញផងដែរ ធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើរទៅកាន់តំបន់ភាគខាងជើងសម្រាប់រយៈពេលសេសសល់ក្នុងសប្តាហ៍នេះ ។
ក្រុមអ្នកព្យាករណ៍ឧតុនិយម បានធ្វើការក្រើនរំឭកផងដែរថាពលរដ្ឋដែលធ្វើដំណើរចេញក្រៅ ពិសេសគឺយុវជន និងក្មេងៗ ពួកគេត្រូវប្រុងប្រយ័ត្នខ្ពស់និងស្លៀកពាក់សម្លៀកបំពាក់ក្រាស់ៗ ការពារអាកាសធាតុត្រជាក់ខ្លាំងបែបនេះ ៕