អនុរដ្ឋមន្រ្តី ក្រសួងសុខាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ជិន វ៉ាន់ធួន បានសម្តែងនូវអំណរគុណចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ជំនួយមនុស្សធម៌វ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន ២០ម៉ឺនដូសដល់ប្រទេសវៀតណាម ខណៈជំនួយនេះបានបង្ហាញអំពីសក្ខីភាពរបស់កម្ពុជាក្នុងការជួយដល់រដ្ឋាភិបាល និងប្រជាជនវៀតណាមក្នុងការកាត់បន្ថយការឆ្លងនូវជំងឺកូវីដ១៩។
ថ្លែងក្នុងពិធីប្រគល់ និងទទួលនូវវ៉ាក់សាំងប្រភេទស៊ីណូហ្វាម ចំនួន២០ម៉ឺនដូស ដែលជំនួយមនុស្សធម៌របស់កម្ពុជា ជូនដល់ប្រជាជន និងប្រទេសវៀតណាម នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នេះ នៅច្រកព្រំដែនអន្តរជាតិបាវិត លោក ជិន វ៉ាន់ធួន បានលើកឡើងថា ជំនួយមនុស្សធម៌ជាវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលកម្ពុជាបានផ្តល់ជូនដល់វៀតណាមនាពេលនេះ គឺបានបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីសក្ខីភាពរបស់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ហើយក៏ជាកាយវិការដ៏មានអត្ថន័យ ក្នុងការជួយជ្រោមជ្រែងដល់ប្រជាជន និងរដ្ឋាភិបាលវៀតណាមក្នុងការលើកកម្ពស់សុខុមាលភាព និងកាត់បន្ថយការឆ្លងរីករាលដាលនូវជំងឺកូវីដ១៩នៅប្រទេសវៀតណាមផងដែរ។
សូមបញ្ជាក់ថា កម្ពុជាបានផ្តល់ជំនួយផ្នែកសុខាភិបាលប្រឆាំងកូវីដ១៩ ដល់ប្រជាជន និងប្រទេសវៀតណាមចំនួនពីរលើកមកហើយ ដោយលើកទីមួយគឺមានបរិក្ខាវេជ្ជសាស្រ្តដូចជាម៉ាសអាល់កុលជាដើម លើកទីពីរជាថវិកាជាង៣០ម៉ឺនដុល្លារអាមេរិក និងលើកទីបីនេះ គឺជាជំនួយវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន២០ម៉ឺនដូស។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស បានថ្លែងនៅក្នុងកម្មវិធីផ្តល់ជំនួយវ៉ាក់សាំងដល់ភាគីវៀតណាមនោះថាជំនួយ ដែលរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនដល់ប្រជាជន និងរដ្ឋាភិបាលវៀតណាមនេះ គឺជាសក្ខីភាពមួយបង្ហាញអំពីទឹកចិត្តដ៏ស្មោះសរ របស់កម្ពុជាជួយដល់ប្រទេសជាមិត្តភូមិផងរបងតែមួយ ក្នុងការកាត់បន្ថយនូវជំងឺកូវីដ១៩ ដែលបានកំពុងផ្ទុះឡើងនៅប្រទេសវៀតណាមនោះ។
នៅក្នុងកម្មវិធីផ្តល់ និងទទួលនូវវ៉ាក់សាំងប្រភេទស៊ីណូហ្វាមនេះ ភាគីកម្ពុជា និងភាគីវៀតណាមក៏បានសន្យាបន្តសហការគ្នាឲ្យកាន់តែសកម្មបន្ថែមទៀតក្នុងការទប់ស្កាត់ការរីករាលដាល នូវមេរោគកូវីដ១៩នេះ ខណៈមេរោគនេះបានធ្វើឲ្យពិភពលោកមានការស្មុគ្រស្មាញ និងព្រួយបារម្ភយ៉ាងខ្លំាងដោយសារតែវាបានបន្តឈ្លានពានដល់សុខុមាលសាធារណៈ និងសម្លាប់មនុស្សជិតប្រាំលាននាក់ហើយនៅទូទាំងពិភពលោកនោះ៕






