វិមានក្រឹមឡាំង នៅថ្ងៃសុក្រ (ទី១៣ ខែធ្នូ) នេះ បានលើកសរសើរការរិះគន់របស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump ពាក់ព័ន្ធនឹងការវាយប្រហាររបស់អ៊ុយក្រែន ដោយប្រើប្រាស់មីស៊ីលរបស់សហរដ្ឋអាមេរិក ចូលជ្រៅទៅក្នុងដែនដីរុស្ស៊ី ហើយបាននិយាយថា ជំហរនេះ គឺស្របគ្នានឹងជំហរផ្ទាល់របស់ទីក្រុងមូស្គូ។
គួរបញ្ជាក់ថា លោក Trump បានរិះគន់ការប្រើប្រាស់មីស៊ីលដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ពីសំណាក់ប្រទេសអ៊ុយក្រែន ដើម្បីវាយប្រហារចូលយ៉ាងជ្រៅទៅក្នុងដែនដីរុស្ស៊ី នៅក្នុងបទសម្ភាសន៍របស់ទស្សនាវដ្តី Time ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (ទី១២ ខែធ្នូ) ដោយការអត្ថាធិប្បាយបែបនេះបង្ហាញថា លោកអាចផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិក ចំពោះអ៊ុយក្រែន។
ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក Trump អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «ការលើកឡើងនេះ ស្របទាំងស្រុងជាមួយនឹងជំហររបស់យើង»។ លោកបានបន្ថែមថា៖ «សម្ដីរបស់លោក Trump គឺស្របតាមចក្ខុវិស័យរបស់យើង ពាក់ព័ន្ធទៅនឹងបុព្វហេតុនៃការកើនឡើងនូវភាពតានតឹង។ សម្ដីនេះធ្វើឲ្យយើងពេញចិត្តណាស់»៕


