វិទ្យុកងទ័ព បានរាយការណ៍ថា កងទ័ពអ៊ីស្រាអែលជឿជាក់ថា ខ្លួនអាចនឹងវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារដ៏ធំដោយជោគជ័យលើប្រទេសស៊ីរី។
យោងតាមព័ត៌មានរបស់ខ្លួន រចនាសម្ព័ន្ធយោធាជាច្រើនរបស់អ៊ីស្រាអែល រួមទាំងកងទ័ពផងដែរ ឥឡូវនេះ កំពុងសម្របសម្រួលភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងការពារជាតិផ្សេងៗ ដើម្បីបង្ហាញជម្រើសដល់ថ្នាក់ដឹកនាំនយោបាយរបស់ប្រទេសនេះ អំពីរបៀបដោះស្រាយជាមួយទីក្រុងតេអេរ៉ង់។
ទាហានអ៊ីស្រាអែលប៉ាន់ស្មានថា ប្រព័ន្ធការពារដែនអាកាសស៊ីរី ដែលមានថាមពលខ្លាំង កាលពីអតីតកាល ត្រូវបានបំផ្លាញជាង ៨០% បន្ទាប់ពីការវាយប្រហាររបស់កងទ័ពអាកាសអ៊ីស្រាអែល។ វិទ្យុកងទ័ពបានរាយការណ៍ថា កាលពីមុន ប្រព័ន្ធការពារដែនអាកាសស៊ីរី បានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់អាកាសចរណ៍របស់អ៊ីស្រាអែល ប៉ុន្តែឥឡូវនេះស្ថានភាពកំពុងផ្លាស់ប្តូរ ហើយដែនអាកាសស៊ីរីពិតជាបើកចំហសម្រាប់ការហោះហើរ។
កាលពីចុងខែវិច្ឆិកា សមាជិកនៃក្រុមប្រឆាំងប្រដាប់អាវុធ បានបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងទីតាំងរបស់កងកម្លាំងរដ្ឋាភិបាល នៅទីក្រុងអាឡិបប៉ូ និងខេត្តអ៊ីដលីប។ នៅល្ងាចថ្ងៃទី ០៧ ខែធ្នូ គូប្រជែងរបស់ប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ បានដណ្តើមយកទីក្រុងធំៗមួយចំនួនគឺទីក្រុង Aleppo, Hama, Deir ez-Zor, Deraa និង Homs។ ពួកគេបានចូលក្នុងក្រុងដាម៉ាស នៅថ្ងៃទី ០៨ ខែធ្នូ បន្ទាប់មកកងទ័ពស៊ីរី បានដកចេញពីទីក្រុងនេះ។ នៅថ្ងៃទី ១០ ខែធ្នូ លោក Mohammed al-Bashir ដែលបានដឹកនាំរដ្ឋាភិបាលស្រោចស្រង់ជាតិស៊ីរីបង្កើតឡើងដោយក្រុមប្រឆាំង នៅក្នុងទីក្រុង Idlib ចាប់តាំងពីខែមករា ឆ្នាំ ២០២៤ បានប្រកាសតែងតាំងលោកជាប្រធានគណៈរដ្ឋមន្ត្រីអន្តរកាលស៊ីរី ដែលនឹងមានរយៈពេល រហូតដល់ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៥។