គម្រោងសាងសង់នាវាមុជទឹកតម្លៃ ៦ពាន់លានដុល្លាររបស់ប្រទេសឥណ្ឌា បានជាប់គាំងដោយសារតែការត្អូញត្អែរពីអ្នកម៉ៅ ជុំវិញថា តើនីតិវិធីសមស្រប ត្រូវបានអនុវត្តតាមដែរ ឬទេ អំឡុងពេលធ្វើតេស្តនៅសមុទ្រ ដោយបានពន្យារពេលកិច្ចខិតខំប្រឹងប្រែងរបស់កងទ័ពជើងទឹក ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួន នៅពេលដែលប្រទេសចិនបន្ថែមវត្តមាន នៅក្នុងមហាសមុទ្រឥណ្ឌា។
ការប៉ុនប៉ងរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ ក្នុងការសាងសង់នាវាមុជទឹកបំពាក់អាវុធមិនមែននុយក្លេអ៊ែរដើរដោយអគ្គិសនី និងប្រេងម៉ាសូតចំនួន ៦គ្រឿង ឥឡូវនេះ ត្រូវបានពន្យារពេលមួយឆ្នាំ ហើយគេរំពឹងថា នឹងមានការពន្យារពេលបន្ថែមទៀត។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ ២រូប ដែលបានដឹងដោយផ្ទាល់អំពីកិច្ចការនេះ និងដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែព័ត៌មាននេះមិនត្រូវបានអនុញ្ញាតឲ្យបង្ហាញជាសាធារណៈ។
ការវិវត្តន៍នេះ គឺលើសពីពាក្យថា ឧបសគ្គ ដែលរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌា ក្នុងការធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពយោធារបស់ខ្លួន ហើយគម្រោងនេះក៏តំណាងឲ្យការសាកល្បងគោលនយោបាយលទ្ធកម្មការពារជាតិថ្មីរបស់នាយករដ្ឋមន្ត្រី លោក Narendra Modi ផងដែរ។
គោលនយោបាយនោះតម្រូវឲ្យក្រុមហ៊ុនផលិតបរទេសធ្វើជាដៃគូ និងផ្តល់ឲ្យក្រុមហ៊ុនក្នុងស្រុកនូវបច្ចេកវិទ្យា ដើម្បីផលិតគ្រឿងយុទ្ធោបករណ៍ នៅក្នុងប្រទេសឥណ្ឌា ដែលជាប្រទេសនាំចូលអាវុធធំជាងគេបំផុតលើពិភពលោក៕

