តួលេខផ្លូវការ បានបង្ហាញនៅថ្ងៃសុក្រ (ទី១៣ ខែធ្នូ) នេះថា ចំនួនជនអន្តោប្រវេសន៍ នៅប្រទេសអូស្ត្រាលី បានធ្លាក់ចុះជាលើកដំបូង គិតចាប់តាំងពីប្រទេសនេះបានដកការរឹតបន្តឹងព្រំដែន អំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ ដោយតួលេខនេះនាំមុខដោយការធ្លាក់ចុះចំនួននិស្សិតអន្តរជាតិ។
បើយោងតាមតួលេខពីការិយាល័យស្ថិតិអូស្ត្រាលី (ABS) បានបង្ហាញថា ជនអន្តោប្រវេសន៍សុទ្ធក្រៅប្រទេស បានធ្លាក់ចុះមកត្រឹមចំនួន ៤៤៦.០០០នាក់ ក្នុងឆ្នាំដែលបានបញ្ចប់ នៅខែមិថុនា ឆ្នាំ២០២៤ ពោលគឺធ្លាក់ចុះពីចំនួន ៥៣៦.០០០នាក់ កាលពីឆ្នាំមុន។ ចំនួនអ្នកកាន់ទិដ្ឋាការសិស្ស-និស្សិត បានធ្លាក់ចុះ ២៥ភាគរយ ពោលគឺមកត្រឹមចំនួន ២០៧.០០០នាក់ ដោយធ្លាក់ពីចំនួន ២៧៨.០០០នាក់ នៅឆ្នាំមុន។
ទិន្នន័យនេះបង្ហាញពីលទ្ធផលនៃការបង្រ្កាបរបស់រដ្ឋាភិបាលលើទិដ្ឋាការសិស្ស-និស្សិតអន្តរជាតិ ក្នុងនោះរួមទាំងថ្លៃសេវាខ្ពស់ និងការស្នើនូវការកំណត់ចំនួនផងដែរ ដែលធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះជាសាកលរបស់ខ្លួន ក្នុងនាមជាប្រទេសផ្តល់ការអប់រំកម្រិតឧត្តមសិក្សាប្រកបដោយគុណភាពខ្ពស់។
ចំណាត់ការនេះ គឺជាផ្នែកមួយនៃការបង្រ្កាបជនអន្តោប្រវេសន៍ ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់អ្នកបោះឆ្នោត អំពីការខ្វះខាតលំនៅឋានដែលនឹងរុញឲ្យតម្លៃជួលផ្ទះឡើងថ្លៃ ដោយធ្វើឲ្យប៉ះពាល់ដល់ផ្នែកនយោបាយ សម្រាប់រដ្ឋាភិបាលឆ្វេងនិយមកណ្ដាលរបស់គណបក្សការងារ៕

