ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Jake Sullivan បាននិយាយថា លោកមានជំនឿថា កិច្ចព្រមព្រៀងបទឈប់បាញ់ហ្កាហ្សា និងការដោះលែងចំណាប់ថ្នូ អាចនឹងជិតកើតឡើង ស្របពេលអ៊ីស្រាអែល បង្ហាញសញ្ញាថា ពួកគេត្រៀមខ្លួនរួចជាស្រេច ហើយមានសញ្ញាវិជ្ជមានពីក្រុមហាម៉ាស់ដែរនោះ ។
ក្រោយពីមានជំនួបជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu នៅក្នុងទីក្រុងហ្សេរុយសាឡឹម លោក Sullivan និយាយថា វាអាចនឹងមិនកើតឡើង ប៉ុន្តែលោកមានជំនឿថា វាអាចនឹងកើតឡើង ដោយផ្អែកលើបំណងនយោបាយរបស់ភាគីទាំង ២ ។
លោកថា លោកនឹងធ្វើដំណើរទៅកាន់កាតា និងអេហ្ស៊ីប ដែលជាអ្នកសម្របសម្រួលកិច្ចប្រជុំជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីពន្លឿនកិច្ចខិតខំ ដែលនឹងចាប់ផ្តើមនាំចំណាប់ថ្នូរទាំងនោះ ត្រឡប់មកផ្ទះវិញ ។ វានឹងអនុញ្ញាតឲ្យមានការនាំជំនួយមនុស្សធម៌ទ្រង់ទ្រាយធំទៅកាន់តំបន់បិទច្រកមួយនេះផងដែរ ។
មន្រ្តីការទូតលោកខាងលិចមួយរូបនៅក្នុងតំបន់មជ្ឈិមបូព៌ា និយាយថា កិច្ចព្រមព្រៀងរបស់អ៊ីស្រាអែលជាមួយក្រុមជីវពលហាម៉ាស់ ចាប់ផ្តើមឡើងវិញហើយ ប៉ុន្តែទំនងជាមានដែនកំណត់ ពាក់ព័ន្ធនឹងការដោះលែងចំណាប់ថ្នូរមួយក្តាប់តូចប៉ុណ្ណោះ ហើយនិងការផ្អាកសង្រ្គាមរយៈពេលខ្លី ។
ដោយឡែក លោក Basem Naim គឺជាមន្រ្តីជាន់ខ្ពស់មួយរូបរបស់ក្រុមហាម៉ាស់ និយាយថា រាល់មន្រ្តីសហរដ្ឋអាមេរិក ត្រូវតែដាក់សំពាធពិតប្រាកដ ដើម្បីធ្វើឲ្យលោក Netanyahu និងរដ្ឋាភិបាលរបស់លោក ទទួលយកសំណើបទឈប់បាញ់កាលពីថ្ងៃទី ២ ខែកក្កដារបស់សហរដ្ឋអាមេរិក ហើយនិងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ(UN) ដែលក្រុមហាម៉ាស់និយាយថា ពួកគេមួយគត់ដែលយល់ព្រមទទួលយក ៕