ស៊ីហ្គេម៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានកំណត់យកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ គឺជាថ្ងៃរៀបចំពិធីរាប់ថយក្រោយ ឬ Countdown នៅសល់ ៥០០ថ្ងៃដ៏ធំសម្រាប់ដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ហើយជាមួយគ្នា ថ្នាក់ដឹកនាំ CAMSOC ក៏គ្រោងនឹងរៀបចំរួមគ្នានូវកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ» ផងដែរ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានបញ្ជាក់ថា បច្ចុប្បន្នថ្នាក់ដឹកនាំកំពុងពិនិត្យលើនីតិវិធានរៀបចំ និងលក្ខខណ្ឌពេលវេលា ប្រសិនជាពេលវេលាអំណោយផលល្អ គណៈកម្មាធិការជាតិ CAMSOC នឹងរៀបចំកម្មវិធីធំៗទាំងពីររួមគ្នាតែម្ដង គឺកម្មវិធីរាប់ថយក្រោយសល់ ៥០០ថ្ងៃដែលត្រូវនឹងថ្ងៃទី២០-ធ្នូ និងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ។ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការអូឡាំពិកកម្ពុជាដដែលបន្ដថា ក្នុងកម្មវិធីដ៏ពិសេសនេះនឹងមានការសម្ដែងជាច្រើន ទាំងសិល្បៈ វប្បធម៌ និងកីឡា ដោយមានការចូលរួមពីក្រុមជម្រើសជាតិដែលកំពុងបិទខ្ទប់ប្រមូលផ្ដុំហ្វឹកហាត់ផងដែរ ដើម្បីអបអរសាទរដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជាផង និងអបអរសាទរសមិទ្ធផលដ៏មហិមានៃពហុកីឡដ្ឋានជាតិមរតកតេជោផង។
តាមគម្រោងដើមឡើយ ឯកឧត្តម វ៉ាត់ ចំរើន ធ្លាប់បានបញ្ជាក់ថា សំណង់ប្រវត្តិសាស្ដ្រសម្រាប់ត្រៀមពិធីបើក-បិទ និងការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នេះគ្រោងនឹងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាចុងខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខដោយគ្រោងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងមន្ដ្រីជាន់ខ្ពស់របស់ចិនទៀតផង។ គួរដឹងថា កាលពីថ្ងៃទី១២ ខែកញ្ញាកន្លងទៅ វិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ បានរៀបចំពិធីប្រគល់-ទទួលរួចមកហើយ ដែលបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងវត្តមានឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីការបរទេសចិន បន្ទាប់ពីសំណង់ដ៏អស្ចារ្យនេះបានបញ្ចប់ការសាងសង់រួចរាល់ ១០០% កាលពីពាក់កណ្ដាលខែសីហា ឆ្នាំ២០២១ កន្លងទៅ៕
អត្ថបទ៖ លី ឈុនឡា