អំឡុងការជជែកតាមទូរសព្ទ នៅថ្ងៃសុក្រ (ទី១៣ ខែធ្នូ) នេះ ប្រធានាធិបតីទួរគី លោក Tayyip Erdogan បានប្រាប់ប្រមុខក្រុមប្រឹក្សាអធិបតេយ្យភាពរបស់ប្រទេសស៊ូដង់ លោក Abdel Fattah al-Burhan ថា ប្រទេសរបស់លោកអាចជួយសម្របសម្រួលដោះស្រាយជម្លោះ រវាងស៊ូដង់ និងអេមីរ៉ាតអារ៉ាប់រួម (អារ៉ាប់រួម)។
កងទ័ពស៊ូដង់បានចោទប្រកាន់អារ៉ាប់រួមម្តងហើយម្តងទៀតថា បានផ្តល់អាវុធ និងជំនួយដល់កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) នៅក្នុងសង្គ្រាមរបស់ស៊ូដង់។ តែរដ្ឋឈូងសមុទ្របដិសេធការចោទប្រកាន់នេះ។ អ្នកឃ្លាំមើលការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN) បានពណ៌នាថា ជាការចោទប្រកាន់ដ៏គួរឲ្យជឿជាក់បានដែលថា អារ៉ាប់រួមបានផ្តល់ជំនួយយោធាដល់ RSF។
ការិយាល័យប្រធានាធិបតីទួរគី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Erdogan បានពិភាក្សាអំពីទំនាក់ទំនងទួរគី-ស៊ូដង់ ក៏ដូចជាបញ្ហានានា ក្នុងតំបន់ និងពិភពលោកជាមួយលោក Burhan តាមរយៈការហៅទូរសព្ទនោះ។
លោក Erdogan បានស្នើថា ប្រទេសទួរគីសុំចូលជួយសម្របសម្រួលដោះស្រាយជម្លោះ រវាងស៊ូដង់ និងអារ៉ាប់រួម ដូចដែលខ្លួនបានសម្រុះសម្រួលជម្លោះ រវាងប្រទេសជិតខាងនៃតំបន់ស្នែងអាហ្វ្រិក (Horn of Africa) គឺសូម៉ាលី និងអេត្យូពី ដោយមិនបានបញ្ជាក់លម្អិតបន្ថែម។
ការិយាល័យប្រធានាធិបតីបានបន្ថែមថា លោក Erdogan ក៏បានសង្កត់ធ្ងន់ទៅកាន់លោក Burhan ជុំវិញគោលការណ៍សំខាន់ៗរបស់ទួរគី ដែលជួយការពារបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ស៊ូដង់ ហើយនិងជួយទប់ស្កាត់ប្រទេសនេះកុំឲ្យក្លាយជាវេទិកានៃអន្តរាគមន៍ពីបរទេស៕

