មន្ទីរពិសោធន៍គ្រឿងញៀនកម្រិតឧស្សាហកម្ម ស្ថិតនៅជាប់ជើងភ្នំ ចេញពីផ្លូវធំនៅភាគខាងលិច ទីក្រុងដាម៉ាស់ គឺជាទីក្រុងមួយកាន់អំណាចដោយគ្រួសារលោក Assad ដែលបានច្រានចោលជាយូរមកហើយរាល់ការទំនាក់ទំនងណាមួយ ជាមួយការជួញដូរគ្រឿងញៀន ។
រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Bashar al-Assad រងការចោទប្រកាន់ពីទីក្រុងវ៉ាស៊ីនតោន និងប្រទេសផ្សេងទៀតថា បានចំណេញពីការផលិត និងលក់គ្រឿងញៀន ដូចជាសារធាតុអាំហ្វេតាមីន ដែលត្រូវបានគេស្គាល់ជាទូទៅថាកាតាហ្គោន ។
ក្រុមអ្នកជំនាញ និយាយថា ការជួញដូរប្រចាំឆ្នាំនូវគ្រឿងញៀនប្រភេទកាតាហ្គោន មានតម្លៃរាប់ពាន់លានដុល្លារ ហើយរដ្ឋាភិបាលលោកខាងលិចបានចោទប្រកាន់ថា ការជួញដូរខុសច្បាប់នេះមានទំនាក់ទំងជាមួយប្អូនប្រុសរបស់លោក Assad គឺលោក Maher al-Assad និងកងពលលេខ ៤នៃកងទ័ពស៊ីរី ជាទីដែលលោកធ្វើជាមេបញ្ជាការ ។
កន្លែងស្នាក់នៅរបស់លោក Maher Assad មិនត្រូវបានដឹងនោះទេ ហើយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ក៏មិនអាចទាក់ទងលោកសុំសេចក្តីអត្ថាធិប្បាយជុំវិញការចោទប្រកាន់នេះដែរ ។
ការដួលរលំទៅរបស់លោក Assad ក្រោយការវាយប្រហារលឿនដូចផ្លេកបន្ទោររបស់ក្រុមឧទ្ទាម បានធ្វើឲ្យអ្នកសារព័ត៌មានអាចចាប់ផ្តើមរុករកជាលើកដំបូងនៅប្រទេសស៊ីរី ដើម្បីស្វែងរកភស្តុតាងរបស់អាណាចក្រផ្តាច់ការមួយនេះ ។
ក្នុងឃ្លាំងដែលគេបោះបង់ចោលនៅទីក្រុង Douma ក្រុមសកម្មប្រយុទ្ធដែលបានផ្តួលរំលំលោក Assad និយាយថា ពួកគេបានរកឃើញគ្រាប់ថ្នាំរាប់ម៉ឺនគ្រាប់លាក់នៅក្នុងគ្រឿងសង្ហារឹម ផ្លែឈើ និងគ្រឿងតុបតែង ។ គ្រាប់ថ្នាំជាច្រើនមានបិទឡូហ្គោ ឬពាក្យ "Lexus" ដែលបញ្ជាក់ថាជាគ្រាប់ថ្នាំកាតាហ្គោន ។
លោក Caroline Rose គឺជាប្រធានវិទ្យាស្ថានគម្រោងជួយដូរសារធាតុកាតាហ្គោន New Lines ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បាននិយាយថា ការជួញដូរសកលសារធាតុញៀនកាតាហ្គោន មានតម្លៃប្រហែល ១០ពាន់លានដុល្លារ ក្នុងនោះប្រាក់ចំណូលប្រចាំឆ្នាំរបស់ថ្នាក់ដឹកនាំស៊ីរីពីការជួញដូរនេះ មានប្រហែល ២,៤ពាន់លានដុល្លារ ៕