ភ្នំពេញ៖ សាកលវិទ្យាល័យខេមតិច (CamTech) និង AI forum បានរៀបចំសិក្ខាសាលាស្តីអំពី «សហវិវត្តន៍រួមគ្នានៃមនុស្ស-ម៉ាស៊ីន (បញ្ញាសិប្បនិម្មិត)៖ ការរួមបញ្ចូលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាទៅក្នុងសង្គម ដើម្បីបញ្ជ្រាបការយល់ដឹងដល់អ្នកចូលរួមទាំងអស់អំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត ប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ចេញផ្សាយនៅរសៀលថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២៤នេះ សាកលវិទ្យាល័យខេមតិច បានឲ្យដឹងថា ការគ្រប់គ្រងបញ្ញាសិប្បនិម្មិត (AI) គឺជាបញ្ហាមួយដែលមានលក្ខណៈស្មុគស្មាញ និងទាមទារឱ្យមានការចូលរួមពីគ្រប់ភាគី និងស្ថាប័នដែលពាក់ព័ន្ធ។ បច្ចេកវិទ្យានេះ អាចផ្ដល់ទាំងអត្ថប្រយោជន៍ និងគុណវិបត្តិសម្រាប់សង្គម អាស្រ័យទៅលើការបង្កើត ការប្រើប្រាស់ និងរបៀបនៃការគ្រប់គ្រង ដែលប្រកបដោយតម្លាភាព និងវិច្ចារណញ្ញាណខ្ពស់ទាំងអ្នកផលិត និងអ្នកប្រើប្រាស់។
ក្នុងសិក្ខាសាលានេះ លោកបណ្ឌិតសាស្ត្រាចារ្យ ឃៀង សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ បច្ចេកវិទ្យា និង
វិទ្យាសាស្រ្តកម្ពុជា (ខេមតិច) មានប្រសាសន៍ថា សិក្ខាសាលានេះ មានគោលបំណងផ្តល់ការយល់ដឹងអំពីការប្រើប្រាស់ និងការគ្រប់គ្រងបញ្ញាសិប្បនិម្មិត ។ ដោយហេតុថា ការអភិវឌ្ឍនៃវិស័យបច្ចុប្បន្នកាន់តែជឿនលឿនជាលំដាប់ ការបដិសេធមិនទទួលយក បញ្ញាសិប្បនិម្មិត អាចជាកត្តារាំងស្ទះដល់ សង្គមផងដែរ ដូច្នេះ អ្វីដែលមនុស្សអាចធ្វើបានគឺត្រូវប្រើប្រាស់បញ្ញាសិប្បនិម្មិត ប្រកបដោយក្រមសីលធម៌ និងការវិនិច្ឆ័យខ្ពស់។ព្រឹត្តិការណ៍នេះបានបញ្ចប់ដោយជោគជ័យគួរឱ្យកត់សម្គាល់ ដោយមានការចូលរួមយ៉ាងសកម្មពីរាជរដ្ឋាភិបាល ដៃគូសហការ និង គ្រឹះស្ថានអប់រំជាច្រើនកន្លែង៕








