រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានធ្វើទស្សនកិច្ចដោយពុំបានប្រកាសទៅកាន់ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃសុក្រ ទី១៣ ខែធ្នូ ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រី លោក Mohammed Shia al-Sudani សម្រាប់កិច្ចពិភាក្សាអំពីអនាគតប្រទេសស៊ីរី ដែលនៅជិតខាង។ លោក Blinken កំពុងធ្វើដំណើរទៅកាន់តំបន់នោះ បន្ទាប់ពីការដួលរលំយ៉ាងលឿននៃរដ្ឋាភិបាលរបស់លោក Bashar al-Assad ក្នុងការប្រឈមមុខទៅនឹងការរុលចូលលឿនដូចផ្លេកបន្ទោរដោយក្រុមប្រឆាំងស៊ីរី។
លោក Blinken ក៏បានជួបជាមួយរដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan កាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីតម្រូវការសម្រាប់កិច្ចខិតខំប្រឹងប្រែងដែលនៅបន្តដើម្បីទប់ទល់នឹងការកើតឡើងជាថ្មីនៃក្រុមរដ្ឋអ៊ីស្លាម នៅក្នុងប្រទេសស៊ីរី។
អ្នកការទូតជាន់ខ្ពស់របស់ទីក្រុងវ៉ាស៊ីនតោនរូបនេះ បាននិយាយថា លោកបានពិភាក្សាអំពីភាពចាំបាច់ចំពោះក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ដោយនិយាយថា «យល់ព្រម» ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា ក្នុងកិច្ចពិភាក្សារបស់លោកជាមួយប្រធានាធិបតី និងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទួរគី។ មន្ត្រីអាមេរិកម្នាក់ បាននិយាយថា ក្រុមហាម៉ាស បានបន្ទន់ជំហររបស់ខ្លួនក្នុងការចរចាបទឈប់បាញ់។
សហរដ្ឋអាមេរិក សង្ឃឹមថានឹងបង្កើតរណសិរ្សរួបរួមមួយជាមួយសម្ព័ន្ធមិត្តអារ៉ាប់ និងទួរគី លើការកំណត់គោលការណ៍ដែលទីក្រុងវ៉ាស៊ីនតោន សង្ឃឹមថានឹងណែនាំការផ្លាស់ប្តូរនយោបាយរបស់ប្រទេសស៊ីរី ដូចជាសមាហរណកម្ម និងការគោរពចំពោះជនជាតិភាគតិច។
លោកបាននិយាយថា ក្រុមរដ្ឋអ៊ីស្លាមនឹងព្យាយាមប្រើប្រាស់អំឡុងពេលនេះដើម្បីបង្កើតសមត្ថភាពឡើងវិញនៅក្នុងប្រទេសស៊ីរី ប៉ុន្តែសហរដ្ឋអាមេរិក បានប្តេជ្ញាចិត្តថា នឹងមិនអនុញ្ញាតឱ្យមានរឿងនោះកើតឡើងឡើយ។

