អ៊ុយក្រែន បានចោទរុស្ស៊ីថា បានបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅប្រទេសអ៊ុយក្រែន។ ទីក្រុងមូស្គូ បានដាក់កំហុសលើទីក្រុងគីវ ដោយនិយាយថា ការវាយប្រហារនេះ គឺជាការសងសឹកចំពោះការវាយលុករបស់ទីក្រុងគីវ ដាក់គោលដៅលើទឹកដីរបស់រុស្ស៊ីដោយមីស៊ីលរយៈចម្ងាយឆ្ងាយ ពីប្រទេសលោកខាងលិច។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា កងកម្លាំងរុស្ស៊ី បានបាញ់មីស៊ីលបាលីស្ទីក មីស៊ីលស៊ីបគោលដៅ និងមីស៊ីលផ្សេងទៀតចំនួន ៩៣ គ្រាប់ រួមទាំងយ៉ាងហោចណាស់មួយគ្រាប់ដែលបានផលិតនៅក្នុងប្រទេសកូរ៉េខាងជើង។ កងទ័ពអ៊ុយក្រែន តាមសេចក្តីរាយការណ៍ថាបានបាញ់ទម្លាក់មីស៊ីលចំនួន៨១គ្រាប់ និងស្ទាក់ចាប់បានចំនួន១១គ្រាប់ ក្នុងចំណោមមីស៊ីល ដោយប្រើប្រាស់យន្តហោះប្រយុទ្ធ F-16 ផ្តល់ឲ្យដោយប្រទេសលោកខាងលិច។
តាមសេចក្តីរាយការណ៍ រុស្ស៊ីក៏បានប្រើប្រាស់យានដ្រូនជិត២០០គ្រឿងក្នុងការវាយប្រហារនេះ។ លោក Zelenskyy បានចាត់ទុកការទម្លាក់គ្រាប់បែកនេះថាជាការវាយប្រហារខ្លាំងបំផុតទៅលើរោងចក្រថាមពលនៅអ៊ុយក្រែន។
ក្រុមហ៊ុនថាមពល Ukrenergo គ្រប់គ្រងដោយរដ្ឋ បាននិយាយថា នេះជាលើកទី១២ហើយ ដែលរុស្ស៊ី បានបើកការវាយលុកទ្រង់ទ្រាយធំលើបណ្តាញអគ្គិសនីរបស់ប្រទេសអ៊ុយក្រែន នៅឆ្នាំនេះ។
មន្ត្រី បានព្រមានអំពីកង្វះថាមពលធ្ងន់ធ្ងរ និងបាននិយាយថា ការស្តារការផ្គត់ផ្គង់ឡើងវិញពេញលេញនឹងត្រូវការពេលវេលាច្រើន។
ទីក្រុងមូស្គូ បានទទួលស្គាល់កាលពីថ្ងៃសុក្រថា ការវាយប្រហារនេះ គឺដើម្បីឆ្លើយតបទៅនឹងការប្រើប្រាស់របស់អ៊ុយក្រែននូវមីស៊ីលតាកទិកប្រតិបត្តិការ អាតាខឹមស៍(ATACMS) ផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារលើអាកាសយានដ្ឋានយោធា កាលពីថ្ងៃពុធ នៅជិតទីក្រុង Taganrog ភាគខាងត្បូងប្រទេសរុស្ស៊ី។

