អាស៊ាន៖ មេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានបញ្ចប់កិច្ចប្រជុំកំពូលតាមប្រព័ន្ធអ៊ីនធឺណិតរយៈពេល ៣ថ្ងៃរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍។ ប្រទេសជប៉ុន សហរដ្ឋអាមេរិក ចិន និងប្រជាជាតិផ្សេងទៀតក៏បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនេះផងដែរ។ សហភាពមីយ៉ាន់ម៉ាដែលជាសមាជិកមួយក្នុងចំណោមសមាជិកទាំង ១០ នៃប្លុកតំបន់បានបដិសេធការអញ្ជើញរបស់អាស៊ាន ក្នុងការបញ្ជូនអ្នកការទូតជាន់ខ្ពស់ជាជាងមេដឹកនាំយោធារបស់ខ្លួន។

វាកម្រមានណាស់សម្រាប់សមាជិកអាស៊ានដែលរំលងកិច្ចប្រជុំបែបនេះ។ មហាក្សត្រស៊ូលតង់ Hassanal Bolkiah របស់ប្រ៊ុយណេដែលជាប្រធានអាស៊ានបានមានព្រះបន្ទូលបន្ទាប់ពីកិច្ចប្រជុំកំពូលថា មីយ៉ាន់ម៉ានៅតែជាផ្នែកសំខាន់មួយនៃគ្រួសារអាស៊ាន។ ព្រះអង្គក៏បានសម្តែងក្តីសង្ឃឹមផងដែរថា សហភាពមីយ៉ាន់ម៉ានឹងវិលមករកភាពប្រក្រតីឡើងវិញ ស្របតាមឆន្ទៈរបស់ប្រជាជន និងការអនុវត្តទាន់ពេលវេលានៃកិច្ចព្រមព្រៀងកូសង់ស៊ីស ៥ចំណុច។ មេដឹកនាំអាស៊ាន និងយោធាមីយ៉ាន់ម៉ាបានយល់ព្រមលើការឯកភាពគ្នាកាលពីខែមេសា ដើម្បីបញ្ចប់អំពើហិង្សាក្នុងប្រទេសដែលបានបន្តចាប់តាំងពីរដ្ឋប្រហារក្នុងខែកុម្ភៈ។ ការឯកភាពគ្នានេះ រួមមានដំណើរទស្សនកិច្ចទៅកាន់ប្រទេសនេះរបស់បេសកជនពិសេសអាស៊ាន ដើម្បីសម្របសម្រួលកិច្ចសន្ទនារវាងយោធា និងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែយោធាបានច្រានចោលចំពោះដំណើរទស្សនកិច្ចនេះ។
ព្រះមហាក្សត្រប្រ៊ុយណេ Sultan Hassanal Bolkiah បានមានព្រះបន្ទូលកាលពីថ្ងៃព្រហស្បតិ៍ថា ពុំមានសំនួរនៃការបញ្ចប់សមាជិកភាពរបស់សហភាពមីយ៉ាន់ម៉ានៅក្នុងប្លុកអាស៊ានទេ ផ្ទុយទៅវិញបានអំពាវនាវជាថ្មីដល់របបសឹកមួយនេះឲ្យធ្វើការជាមួយប្រេសិតពិសេស របស់ប្លុកនេះ ដើម្បីបញ្ចប់វិបត្តិដ៏ធ្ងន់ធ្ងរបន្ទាប់ពីរដ្ឋប្រហារកាលពីខែកុម្ភៈ៕
អត្ថបទ៖ សុខមាន