ប្រធានាធិបតីទួរគីលោក រ៉េសិប តាយីប អឺដូហ្កាន់ (Recep Tayyip Erdogan) បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសទួរគី ត្រៀមខ្លួនជាស្រេចក្នុងការសម្រុះសម្រួលរវាងប្រទេសស៊ូដង់ និងអារ៉ាប់រួម (UAE) ដើម្បីដោះស្រាយជម្លោះរបស់ពួកគេ។
ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយ លោក Abdel Fattah Al-Burhan ប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពអន្តរកាលរបស់ប្រទេសស៊ូដង់ និងជាមេបញ្ជាការកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) លោក អឺដូហ្កាន់ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ទួរគី ក្នុងការជំរុញសន្តិភាព និងស្ថិរភាព នៅក្នុងប្រទេសស៊ូដង់ ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃការថែរក្សាបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ស៊ូដង់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យរបស់លោក អឺដូហ្កាន់។
លោកប្រធានាធិបតីទួរគី បានប្រាប់លោក Al-Burhanថា ការទប់ស្កាត់អន្តរាគមន៍ពីខាងក្រៅ នៅក្នុងប្រទេសស៊ូដង់ គឺជាគោលការណ៍ជាមូលដ្ឋានសម្រាប់ប្រទេសទួរគី។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទនេះ មេដឹកនាំទាំងពីរ បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាក្នុងតំបន់ និងពិភពលោកផងដែរ។
លោកប្រធានាធិបតី អឺដូហ្កាន់ បានបញ្ជាក់ឡើងវិញនូវឆន្ទៈរបស់ទីក្រុងអង់ការ៉ា ក្នុងការដើរតួនាទីស្ថាបនាក្នុងការដោះស្រាយភាពតានតឹងស៊ូដង់-អារ៉ាប់រួម ដោយសង្កត់ធ្ងន់ថា ទួរគីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រមាគ៌ារបស់ប្រទេសស៊ូដង់ ឆ្ពោះទៅរកសន្តិភាព និងស្ថិរភាព។