បាល់ទាត់៖ Newcastle United បានក្លាយជាក្លិបបាល់ទាត់ចុងក្រោយគេបំផុត ដែលចាប់ផ្តើមបទពិសោធមានអ្នកគ្រប់គ្រងដែលមានទ្រព្យសម្បត្តិសន្ធឹកសន្ធាប់ ខណៈក្តីរំពឹង និងក្តីរំភើបរបស់អ្នកគាំទ្រកំពុងមានខ្ពស់។ ប៉ុន្តែទន្ទឹងនឹងក្តីរំពឹង និងក្តីសង្ឃឹមក្នុងការចាប់ផ្តើមរជ្ជកាលថ្មីនៃក្តីស្រមៃចង់បានពាន English Premier League នោះ ការពិតរបស់ Newcastle នៅពេលនេះគឺកំពុងឈរលេខ ១៩ ក្នុងតារាង និងមិនទាន់ស្គាល់ឈ្នះនៅឡើយរដូវកាលនេះ។

ក្លិបចំនួន ១៩ ក្នុងចំណោម ២០ នៅ Premier League បច្ចុប្បន្នសុទ្ធតែបានផ្លាស់ប្តូរម្ចាស់ក្នុងសតវត្សទី២១ នេះ ហើយតើអ្វីដែលម្ចាស់ក្លិបថ្មី និងអ្នកគាំទ្ររៀនសូត្រពីបទពិសោធនៃការចូលកាន់កាប់ដោយអ្នកវិនិយោគថ្មីតាមក្លិបមុនៗ ការចំណាយលុយដើម្បីផ្លាស់ប្តូរវាសនា រឺយ៉ាងណា? ស្របពេលដែលទុនជាច្រើនសំរាប់ការចាយវាយនៅ Newcastle តែពួកគេត្រូវប្រៀបធៀបខ្លួនទៅនឹងម្ចាស់ក្លិបថ្មីដែលមានទ្រព្យសម្បតិ្តច្រើនចុងក្រោយដូចជា Chelsea និង Manchester City។ អ្វីដែលខុសគ្នានោះគឺ Chelsea និង Manchester City ពេលផ្លាស់ប្តូរម្ចាស់ក្លិបថ្មីមិនស្ថិតក្នុងស្ថានភាពលំបាកលំបិនដូច Newcastle ឡើយពោលគឺបច្ចុប្បន្នឈរលេខ ១៩ និងសមិទ្ធផលខ្ពស់បំផុតរបស់ពួកគេ ១៥ រដូវកាលចុងក្រោយត្រឹមលេខ ១០ ប៉ុណ្ណោះ។ Chelsea និង Manchester City រួមទាំង Leicester City, Liverpool និង Manchester United សុទ្ធតែឈ្នះពាននៅក្រោយការកាន់កាប់ដោយម្ចាស់ថ្មី ប៉ុន្តែក៏មានមួយចំនួនដែរកំពុងស្ថិតក្នុងពុះពារដើម្បីតែកៅអីនៅអឺរ៉ុបនោះដូចជា Everton, Aston Villa និង West Ham United។ នៅក្នុងទ្រឹស្តីបែបនេះរូបមន្តសាមញ្ញមានតែផ្លាស់ប្តូរអ្នកចាត់ការ ផ្លាស់ប្តូរកីឡាករ និងបន្តចំណាយឥតឈប់ឈរ ប៉ុន្តែវាជាវិធីសាស្ត្រត្រឹមត្រូវរឺទេ? ក្នុងចំណោមក្លិបចំនួន ៥ ដែលជោគជ័យជាមធ្យមពួកគេផ្លាស់ប្តូរអ្នកចាត់ការដល់ទៅ ១០នាក់បន្ទាប់ពីការផ្លាស់ប្តូរម្ចាស់ថ្មី លើកលែងតែ Sir Alex Ferguson ដែលចេញដំណើរពីដំបូងរហូតចូលនិវត្តន៍។ មួយទៀតក្នុងចំណោមក្លិបខាងលើ ក៏គ្មានក្លិបណាដែលផ្លាស់ប្តូរអ្នកចាត់ការលឿនជាង Newcastle ដែរដែលទើបចែកផ្លូវគ្នាជាមួយលោក Steve Bruce។

បើតាមបទពិសោធក្លិបដែលផ្លាស់ម្ចាស់ថ្មីមុនៗឧទាហរណ៍ដូចជា Chelsea, Manchester City, Liverpool និង Leicester City ជាដើមពួកគេមានផ្លាស់ប្តូរកីឡាករលើសពី ៥០% ក្នុងរយៈពេល ២រដូវកាលបន្ទាប់ពីផ្លាស់ប្តូរម្ចាស់។ Chelsea មុនពេល Roman Abramovich មកដល់ឈរលេខ ៤ បន្ទាប់មកបានលេខ ២ ហើយឈ្នះពាននៅ ២រដូវកាលបន្ទាប់ក្រោយចំណាយលុយអស់ ២៩៩លានផោន។ Manchester City មុនពេលមកដល់នៃក្រុមហ៊ុន City Football Group ដែលគ្រប់គ្រងដោយមហាសេដ្ឋីអារ៉ាប់ ពួកគេឈរលេខ ៩ ក្រោយមកបានលេខ ១០ រង់ចាំដល់ ៤រដូវកាលទើបឈ្នះពានក្រោយចំណាយអស់ ៤០៦លានផោន។ Liverpool មុនពេលម្ចាស់វិនិយោគថ្មី Fenway Sports Group របស់អាមេរិកមកដល់នៅឆ្នាំ២០១០ ពួកគេឈរលេខ ៩ បន្ទាប់មកលេខ ៦ ហើយរង់ចាំដល់ទៅ ១០រដូវកាលទើបឈ្នះពានក្រោយចំណាយអស់ ២៧៣លានផោន។ Leicester City មុនពេលមកដល់របស់ម្ចាស់ក្លិបសញ្ជាតិថៃ ពួកគេឈរលេខ ១០ ក្រោយមកលេខ ៩ និងរង់ចាំដល់ទៅ ៦ឆ្នាំទើបឈ្នះក្រោយចំណាយលុយ ៧៥លានផោន។ ចុងក្រោយគេ Manchester United មុនពេលមកដល់របស់គ្រួសារត្រកូល Glazer ឈរលេខ ៣ ក្រោយមកបានលេខ ២ រង់ចាំត្រឹម ២រដូវកាលឈ្នះពានក្រោយចំណាយត្រឹម ៣០លានផោន។
ទាំងអស់នេះសុទ្ធតែជាបទពិសោធដែល Newcastle មើលឃើញ ពោលគឺក្លិបដែលបានរៀបរាប់ខាងលើជាក្លិបដែលជោគជ័យស្រាប់ រឺអន់ណាស់ត្រឹមពាក់កណ្តាលតារាងដែលផ្ទុយពី Newcastle កំពុងដុនដាបនៅបាតតារាង។ ចំពោះមុខរបស់ Newcastle នៅពេលនេះគិតត្រឹមកុំឱ្យគេកាត់ចោលពី Premier League សិន មុននឹងគិតដល់រឿង Top4 ដែលទាំងនេះនៅតែមិនផុតពីរឿងលុយដែលមានន័យថា ប្រសិនបើការចំណាយរបស់ក្លឹបមុនៗ និងអត្រាអតិផរណានៃការដោះដូរកីឡាករគឺត្រូវឆ្លងកាត់ នោះការចំណាយសុទ្ធនឹងត្រូវលើសពី ១ពាន់លានផោនចៀសមិនផុត។ ចុងក្រោយនោះគឺយុទ្ធសាស្ត្រដែលមានខ្លាំងកំរិតណា ហើយម្ចាស់ថ្មីដែលជាគ្រប់គ្រងក្រុមហ៊ុន PIF របស់អារ៉ាប៊ីសាអ៊ូឌីតនោះពិតមានខ្ទង់ចំណាយខ្ពស់បែបនេះរឺក៏អត់៕
អត្ថបទ៖នាង សុភាវុធ