មន្ត្រីរដ្ឋាភិបាលម្នាក់ បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលស៊ូដង់ខាងត្បូង បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺអាសន្នរោគ បន្ទាប់ពីមនុស្សយ៉ាងហោចណាស់ ៦០នាក់ បានស្លាប់ ចាប់តាំងពីជំងឺនេះ បានផ្ទុះឡើង នៅចុងខែតុលា។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បច្ចេកវិទ្យាគមនាគមន៍ និងសេវាប្រៃសណីយ៍ លោក Michael Makuei Lueth បាននិយាយថា រហូតមកដល់ពេលនេះ មានអ្នកស្លាប់ចំនួន ៦០នាក់ ត្រូវបានរាយការណ៍ រួមជាមួយនឹង ចំនួន ៦.000 ករណី ត្រូវបានកត់ត្រា នៅទូទាំងប្រទេស។
លោក Makuei បានប្រាប់អ្នកសារព័ត៌មាន ក្នុងទីក្រុង Juba រដ្ឋធានីនៃប្រទេសស៊ូដង់ខាងត្បូងថា កិច្ចខិតខំប្រឹងប្រែង កំពុងដំណើរការ ដើម្បីទទួលបានវ៉ាក់សាំងបន្ថែមទៀត បន្ទាប់ពីក្រុមទី ១ ដែលគ្រប់គ្រាន់សម្រាប់ព្យាបាលមនុស្សចំនួន ១៥០.000នាក់ ត្រូវបានបញ្ជូន ទៅកាន់តំបន់ Renk County ភាគខាងជើងក្នុងរដ្ឋ Upper Nile ។
ករណីជំងឺអាសន្នរោគដំបូង ត្រូវបានរាយការណ៍ នៅថ្ងៃទី ២៨ ខែតុលា នៅឯមជ្ឈមណ្ឌលដឹកជញ្ជូន Renk សម្រាប់ជនភៀសខ្លួន និងជនមាតុភូមិនិវត្តន៍ ដែលបានភៀសខ្លួនចេញពីជម្លោះ នៅក្នុងប្រទេសស៊ូដង់ដែលនៅជិតខាង។

