នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានអះអាងជាថ្មីអំពីការប្តេជ្ញាចិត្តរបស់អ៊ីតាលីចំពោះជំនួយមនុស្សធម៌ នៅតំបន់ហ្កាហ្សា និងដំណោះស្រាយរដ្ឋពីរ អំឡុងពេលលោកស្រី ជួបជាមួយប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាខ្មូដ អាបាស( Mahmoud Abbas) កាលពីថ្ងៃសុក្រ។
យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយរដ្ឋាភិបាលរបស់លោកស្រី Meloni ក្នុងអំឡុងពេលពិភាក្សារបស់ពួកគេ លោកស្រី Meloni បានគូសបញ្ជាក់ពីការគាំទ្រដ៏រឹងមាំរបស់ប្រទេសអ៊ីតាលីសម្រាប់ក្រុមអ្នកសម្រុះសម្រួលដែលធ្វើការឆ្ពោះទៅរកការបញ្ចប់អរិភាព នៅតំបន់ហ្កាហ្សា និងធានាការដោះលែងចំណាប់ថ្នូរដែលត្រូវបានក្រុមហាម៉ាសចាប់។
សេចក្តីថ្លែងការណ៍ បានលើកឡើងថា លោកស្រី Meloni បានបញ្ជាក់ឡើងវិញនូវការយកចិត្តទុកដាក់របស់ប្រទេសអ៊ីតាលីចំពោះដំណោះស្រាយនយោបាយយូរអង្វែង ដោយផ្អែកលើក្របខណ្ឌរដ្ឋពីរ «អ៊ីស្រាអែល និងប៉ាឡេស្ទីន អាចរួមរស់ជាមួយគ្នាដោយសន្តិភាព ជាមួយនឹងសន្តិសុខសម្រាប់ពួកគេទាំងពីរ ។
លោកស្រី ក៏បានសង្កត់ធ្ងន់លើការត្រៀមខ្លួនរបស់អ៊ីតាលី ក្នុងការដើរតួនាទីនាំមុខ ក្នុងស្ថិរភាព និងការកសាងតំបន់ហ្កាហ្សាឡើងវិញ ខណៈពេលដែលគាំទ្រដល់កំណែទម្រង់ និងការពង្រឹងស្ថាប័នប៉ាឡេស្ទីន។