WHO៖ កាលពីថ្ងៃព្រហស្បតិ៍ អង្គការសុខភាពពិភពលោក និងក្រុមដៃគូដទៃទៀតបានអំពាវនាវ ដល់មេដឹកនាំដែលមានសេដ្ឋកិច្ចលូតលាស់ទាំង២០ ឬក្រុមប្រទេស G20 ឲ្យផ្ដល់មូលនិធិ ២៣.៤ពាន់លានដុល្លារដល់គម្រោងដើម្បីទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 ដំណើរការធ្វើតេស្ត និងទិញឱសថសម្រាប់ប្រទេសក្រីក្រក្នុងពេល ១២ខែខាងមុខទៀត។
លោក Tedros Adhanom Ghebreyesus ប្រមុខអង្គការសុខភាពពិភពលោកបាននិយាយថា ក្រុមប្រទេស G20 ដែលបណ្ដាលមេដឹកនាំប្រទេសទាំងនោះនឹងជួបគ្នា នៅក្នុងទីក្រុងរ៉ូមប្រទេសអ៊ីតាលីនៅចុងសប្ដាហ៍នេះ មានមេដឹកនាំនយោបាយ និងហិរញ្ញវត្ថុចាំបាច់ត្រូវបញ្ចប់ជំងឺរាតត្បាតសកលនេះដោយការផ្ដល់មូលនិធិសម្រាប់គម្រោងនេះ ដែលលោកលើកឡើងថា អាចជួយសង្គ្រោះជីវិតមនុស្សចំនួន ៥លាននាក់។ ការវិវត្តន៍ចុងក្រោយរបស់ក្រុមដែលហៅឈ្មោះថា អង្គភាពដំណើរការឧបករណ៍ COVID-19 (ACT-A) រហូតដល់ខែកញ្ញា ឆ្នាំ២០២២ ត្រូវគេរំពឹងថានឹងរួមបញ្ចូលទាំងការប្រើប្រាស់ថ្នាំគ្រាប់ផលិតឡើងដោយក្រុមហ៊ុន Merck & Co សម្រាប់ព្យាបាលករណីឆ្លងជំងឺ COVID-19 កម្រិតស្រាល និងមធ្យម។ ផែនការដែលបានសរសេរនៅក្នុងឯកសារព្រាងមួយនិយាយថា ប្រសិនបើឱសថនេះត្រូវបានអនុម័តដោយក្រុមអាជ្ញាធរនិយតករនោះតម្លៃអាចត្រឹម ១០ដុល្លារក្នុងមួយបន្ទះ៕
អត្ថបទ៖ សុខមាន