នៅក្នុងសេចក្តីអត្ថាធិប្បាយលើកដំបូង ចាប់តាំងពីការដួលរលំរបបផ្តាច់ការរបស់លោក Bashar al-Assadកាលពីរយៈពេលជាង ១សប្តាហ៍មុន មេដឹកនាំក្រុមហេសបូឡាលោក Naim Qassem និយាយថា ក្រុមប្រដាប់អាវុធលីបង់របស់លោក បានបាត់បង់ផ្លូវផ្គត់ផ្គង់អាវុធឆ្លងកាត់ប្រទេសស៊ីរី ។
ក្រោមរបបលោក Assad ក្រុមហេសបូឡា គាំទ្រដោយអ៊ីរ៉ង់ ប្រើប្រាស់ប្រទេសស៊ីរី ដើម្បីនាំចូលអាវុធ និងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀតពីប្រទេសអ៊ីរ៉ង់ ដោយឆ្លងកាត់ប្រទេសអ៊ីរ៉ាក់ ស៊ីរី និងលីបង់ ។
ប៉ុន្តែនៅថ្ងៃទី ៦ ខែធ្នូ ក្រុមសកម្មប្រយុទ្ធប្រឆាំងលោក Assad បានរឹបអូសតំបន់ព្រំដែនជាមួយអ៊ីរ៉ាក់ និងបានកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់ ហើយរយៈពេល ២ថ្ងៃក្រោយមក ក្រុមឧទ្ទាមអ៊ីស្លាមមួយនេះ ដណ្តើមបានការគ្រប់គ្រងទីក្រុងដាម៉ាស់ ។
លោក Qassem បាននិយាយនៅក្នុសុន្ទរកថាលើកញ្ចក់ទូរទស្សន៍កាលពីថ្ងៃសៅរ៍ថា ជាការពិតណាស់ថា ក្រុមហេសបូឡា បានបាត់បង់ផ្លូវផ្គត់ផ្គង់យោធា ឆ្លងកាត់ប្រទេសស៊ីរីក្នុងដំណាក់កាលនេះ ប៉ុន្តែវាគ្រាន់តែបណ្តោះអាសន្នប៉ុណ្ណោះ ។
លោកបន្តថា របបបថ្មីមកដល់ ផ្លូវមួយនេះអាចនឹងវិលត្រឡប់មករកប្រក្រតីភាពឡើងវិញ ហើយពួកយើងអាចរកផ្លូវផ្សេងទៀតបាន ។
គួរឲ្យដឹងថា ក្រុមហេសបូឡា បានចាប់ផ្តើមអន្តរាគមន៍នៅប្រទេសស៊ីរីកាលពីឆ្នាំ ២០១៣ ដើម្បីជួយលោក Assadធ្វើសង្រ្គាមជាមួយក្រុមឧទ្ទាម ដែលព្យាយាមផ្តួលរំលំរូបលោកនៅពេលនោះ ។
កាលពីសប្តាហ៍មុន ស្របពេលដែលក្រុមឧទ្ទាមវាយដណ្តើមយកទីក្រុងដាម៉ាស់ ក្រុមហេសបូឡា បានបញ្ជូនក្រុមមន្រ្តីត្រួតត្រារបស់ពួកគេ ឲ្យមើលការខុសត្រូវការដកក្រុមសកម្មប្រយុទ្ធរបស់ពួកគេនៅទីនោះ ៕

