ក្រុមមន្រ្តីនិយាយថា ព្យុះស៊ីក្លូនដ៏ខ្លាំង បានបោកបក់លើកោះ Mayotte ស្ថិតក្នុងមហាសមុទ្រឥណ្ឌាកាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្សយ៉ាងហោច ២នាក់ និងបណ្តាលឲ្យមានការខូចខាតធ្ងន់ធ្ងរលើដែនដីបរទេសរបស់បារាំងមួយនេះ ។
រូបភាពវីដេអូឃ្លីបនៅលើបណ្តាញព័ត៌មានសង្គម ឃើញភ្លៀងធ្លាក់ខ្លាំង និងការខូចខាតបណ្តាលមកពីព្យុះស៊ីក្លូន ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំងលោក Bruno Retailleau និយាយថា រដ្ឋាភិបាលរបស់លោកបានបញ្ជូនកងកម្លាំងសន្តិសុខស៊ីវិល មន្រ្តីយោធា និងក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ១១០នាក់ ទៅកាន់ដែនដីអាណានិគមមួយនេះ ដែលស្ថិតនៅចន្លោះប្រទេសម៉ាដាហ្គាស្កា និងអាហ្វ្រិក ហើយនិងបានបញ្ជូនក្រុមមន្រ្តី ១៤០នាក់បន្ថែមទៀត នៅថ្ងៃអាទិត្យនេះ ។
ស្ថិតនៅចម្ងាយ ៨ពាន់គ.មពីទីក្រុងប៉ារីស កោះ Mayotte គឺជាដែនដីក្រីក្រជាងតំបន់ផ្សេងទៀតរបស់បារាំង ហើយតែងតែកើតមានអំពើហិង្សារបស់ក្រុមអន្ធពាល អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ។ ភាពតានតឹងកាន់តែធ្ងន់ធ្ងរខ្លាំងនៅដើមឆ្នាំនេះ ដោយសារកង្វះខាតទឹកប្រើប្រាស់ ៕


