ក្នុងឱកាសចម្រើនជន្មាយុគម្រប់៧០ឈានចូល៧១ឆ្នាំ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ធិត ,សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើ្ជញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារ១ខ្នង កម្ពស់៣ជាន់ នៅវត្ដចន្ទប្បជោត្ដនារាម ហៅវត្ដ តាសុត ស្ថិតនៅភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង។
ក្នុងឱកាសអញ្ជើញទៅដល់វត្ត សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងក្ដីនឹករលឹកជាមួយលោកយាយ លោកតា អាចារ្យគណកម្មការ និងកម្មករបម្រើការក្នុងវត្ដចំនួន១៣១នាក់។ បន្ទាប់មក សម្ដេចបានអញ្ជើញនមសក្ការព្រះរតនៈត្រៃ សមាទានសីល ដែលក្នុងនោះមានព្រះសង្ឃចំនួន៩អង្គ។ ក្នុងឱកាសនោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងគណៈអធិបតី តាអាចារ្យ បានដឹកនាំប្រារព្ធពិធីបួងសួងក្រុងពាលីសាងសង់អគារ ដោយមានការសម្ដែង នូវរបាំងបួងសួង របាំជូនពរផងដែរ។ បន្ទាប់មកសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អញ្ជើញបញ្ចុះបឋមសិលា និងរតនវត្ថុផ្សេងៗ រួមទាំងអញ្ជើញចូលក្នុងមហាកុដ ដើម្បីប្រគេនទេយ្យវត្ថុ ចំពោះព្រះធម្មវនវាសី ចន្ទមុនី។
បើតាមថេរដីការបស់ ព្រះធម្មវនវាសី ចន្ទមុនី ព្រះចៅអធិការវត្ត បានមានថេរដីកាថា អគារ១ខ្នងកម្ពស់៣ជាន់ នៅវត្ដចន្ទប្បជោត្ដនារាម ហៅវត្ដតាសុត នៅខេត្ដកំពង់ឆ្នាំងនេះ គឺក្រោមការឧបត្ថម្ភទាំងស្រុងរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងឧទ្ទិសថ្វាយ ព្រះពុទ្ធសាសនា ក្នុងព័ទ្ធសីមា វត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ជាប្រភេទសំណង់បេតុងអាម៉េ មានលក្ខណៈជាអគារដំបូលច្រើនជាន់ មុខដាច់ នៃសិល្បៈស្ថាបត្យកម្មខ្មែរ សាងឡើងចំនួន៣ថ្នាក់ តំណាងឲ្យគុណព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។
ព្រះអង្គមានថេរដីកាបន្តថា ទស្សនាទាននៃការរៀបចំប្លង់អគារ មានរាងចតុកោណកែងផ្តុំគ្នា និងលំហរួមនៅចំកណ្តាល មានមូលដ្ឋានប្លង់បាតប្រាសាទបុរាណខ្មែរជាច្រើនដូចជា ប្រាសាទព្រះវិហារ ប្រាសាទវត្តភូ និងប្រាសាទព្រះធាតុបា្រស្រី ខេត្តត្បូងឃ្មុំជាដើម។ល។ សម្រាប់មុខងារប្រើប្រាស់អគារនេះ ជាន់ផ្ទាល់ដីជាហោត្រ័យ ជាន់ទី១ជាសាលប្រជុំ និងការិយាល័យ សង្សាធិបតី ជាន់ទី២ ជាអន្តេវាសិកដ្ឋា និងជាន់ទី៣បង្កប់ក្នុងដំបូលជាសារមន្ទីរ សម្រាប់ដាក់តាំងនូវវត្ថុបុរាណដែលវត្តមាន។ ការរចនាសោភណ្ឌភាពអគារជាន់ផ្ទាល់ដី៖ ខឿន បង្កាន់ដៃនាគ ទ្វារបាល ទ្វារ បង្អួច ជើងសសរ និងល្បាក់ រចនាតាមបែប សិល្បៈសម័យអង្គរ មានប្រាសាទព្រះគោ ប្រាសាទភ្នំបាខែង បន្ទាយស្រី និងប្រាសាទអង្គរវត្ត។ ជាន់ទី១និងទី២ មានសសរផ្អោប រចនាគ្រុឌទ្ររងស្បូវ និងបង្អួចរចនាជារាងប្រាសាទអណ្តែតទ្រវែង លម្អដោយក្បាច់ភ្ញីទេស និងក្បាច់អង្គរ សំយោគបញ្ចូលគ្នាបែបស្ថាបត្យកម្ម សហសម័យកម្ពុជា។ ជាន់ទី៣ជាសារមន្ទីរបង្កប់ក្នុងដំបូល និងមានរំលេចជាកូនប្រាសាទអណ្តែតតូចៗ ចំនួន៦ សម្រាប់យកពន្លឺ និងខ្យល់ធម្មជាតិចូលក្នុងអគារ។ ដោយឡែកដំបូលប្រក់ក្បឿងស្រកាលេញ តាមមូលដ្ឋានដំបូលព្រះវិហារវត្តបទុមវតីរាជវរារាម។ ជហ្វាដងក្តារនាគ យកមូលដ្ឋានសារមន្ទីរជាតិកម្ពុជា និងមាននព្វនៅចំកណ្តាលដំបូលអគារធំប្រភពមកពីវត្តក្តីដើមខេត្តកំពង់ធំ។ ហោជាង ក្បាច់ភ្ញីទេសតាមព្រះវិហារបែបបុរាណ ប្រភពរចនាពីព្រះឧបោសថរតនារាម ព្រះវិហារព្រះកែវមរតក វត្តព្រះស៊ីសុវត្ថិរតនារាម វត្តសំរិទ្ធិជយារាម វត្តព្រែកអន្ទះ និងវត្តចិនដំដែក។
ព្រះអង្គមានថេរដីកាបញ្ជក់ថា អគារសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានគិតគូររចនាយ៉ាងហ្មត់ចត់លើ ផ្នែកស្ថាបត្យកម្ម មុខងារប្រើប្រាស់ និងក្បាច់រចនាដោយបានប្រជុំគណៈកម្មការរួមមាន គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងធម្មការ និងសាសនា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តកំពង់ឆ្នាំង និងស្ថាបត្យករ ជំនាញជាច្រើនរូបទៀត។ អគារសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលកសាងដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាការសំយោគសិល្បៈខ្មែរ ស្ថាបត្យកម្មសម័យអង្គរ និងស្ថាបត្យកម្មពុទ្ធសាសនាសម័យចតុម្មុខទី២ សម្រាប់លើកស្ទួយប្រណីតភាព នៃសំណង់វប្បធម៌ព្រះពុទ្ធសាសនា គោរពតាមបទដ្ឋានស្តង់ដារបច្ចេកទេសសំណង់ មានក្បូរក្បាច់ពិពិធវិចិត្ររចនា សោភណ្ឌភាពល្អប្រណីត និងជាសំណង់ស្ថាបត្យកម្មប្រវត្តិសាស្ត្រ សម្រាប់តម្កល់ទុកជាឧត្តមប្រយោជន៍ជាតិ។
គួររម្លឹកផងដែរ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រជាពលរដ្ឋបានប្រសិទ្ធនាមថាជា «មាតាមនុស្សធម៌» ដែលសម្ដេចជាកុលធីតាខ្មែរមួយរូប ដែលមានទឹកចិត្ដមហាសប្បុរស និងសណ្ដោសប្រណីខ្ពស់ ដល់អ្នកជុំវិញខ្លួន ពិសេសជនងាយរងគ្រោះ និងរងគ្រោះបំផុត ដោយមិនរើសអើងនោះឡើយ ដែលសម្តេចមានបេះដូងដ៏បរិសុទ្ធ ជួយដោយមិនត្រូវការតបស្នង និងចេញពីទឹកចិត្ដមនុស្សធម៌របស់លោក តាំងពីកំណើតរបស់សម្ដេច ដែលធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាបណ្ដាប្រទេសជាមិត្ដទាំងអស់ តែងតែស្ងើចសរសើរនូវសកម្មភាពមនុស្សធម៌របស់សម្ដេចកន្លងមកនេះ ។ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាពុទ្ធសាសនិកមួយរូប ដែលតែងតែទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋរហូតមក ហើយក៏តែងតែកៀរគរ គណៈប្រតិភូ និងអាជ្ញាធរមូលដ្ឋាន ពិសេសគឺក្រុមគ្រួសារកូនចៅ របស់សម្ដេចផ្ទាល់តែម្ដង ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន ក្នុងវិស័យព្រះពុទ្ធសាសនា៕ អត្ថបទៈ សំ ងីម








