កាលពីថ្ងៃសៅរ៍ម្សិលមិញ មន្រ្តីការទូតជាន់ខ្ពស់មកពីសហរដ្ឋអាមេរិក ទួរគី សហភាពអឺរ៉ុប និងបណ្តាប្រទេសអារ៉ាប់ បានជួបជុំគ្នានៅក្នុងប្រទេសហ្សកដានី និងការទាក់ទងដោយផ្ទាល់ជាមួយក្រុមឧទ្ទាមដែលបានផ្តួលរំលំរបបផ្តាច់ការរបស់លោកប្រធានាធិបតី Bashar al-Assad កាលពីរយៈពេលជាង ១សប្តាហ៍មុន ស្របពេលប្រទេសមហាអំណាចក្នុងតំបន់ និងនៅលើពិភពលោក ព្យាយាមដាក់ឥទ្ធិពលលើរដ្ឋាភិបាលថ្មីរបស់ស៊ីរី ។
រដ្ឋបាលជិតចាកចេញពីអំណាចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានចាប់ផ្តើមចូលរួមជាមួយក្រុមឧទ្ទាមជោគជ័យ រួមទាំងក្រុមឧទ្ទាម Hayat Tahrir al-Sham ដែលបានដឹកនាំការវាយប្រហារលឿនដូចផ្លេកបន្ទោរ ដើម្បីរឹបអូសទីក្រុងដាម៉ាស់កាលពីថ្ងៃអាទិត្យមុន ។
លោក Biden បានបញ្ជូនរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ទៅកាន់តំបន់ជម្ឈិមបូព៌ាក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកការគាំទ្រលើគោលករណ៍ដែលទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថា នឹងដឹកនាំការផ្លាស់ប្តូរនយោបាយស៊ីរី ក៏ដូចជាការគោរពសិទ្ធិជនជាតិភាគតិច ។
ទួរគី ដែលជាប្រទេសជិតខាងស៊ីរី បានគាំទ្រកងកម្លាំងប្រឆាំងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយពួកគេចង់រួមចំណែកផងដែរក្នុងការបង្កើតរដ្ឋាភិបាលថ្មីរបស់ស៊ីរី ។
ប្រទេសហ្សកដានី ដែលជាប្រទេសជិតខាងស៊ីរីដែរនោះ បានរៀបចំកិច្ចប្រជុំមួយរបស់ក្រុមមន្រ្តីការទូតជាន់ខ្ពស់នៅក្នុងទីក្រុង Aqaba កាលពីថ្ងៃសៅរ៍ ប៉ុន្តែរុស្ស៊ី និងអ៊ីរ៉ង់ ដែលជាអ្នកគាំទ្រសំខាន់នៃរបបរបស់លោក Assad ពុំទទួលបានការអញ្ជើញឲ្យចូលរួមនោះទេ ៕


