ក្រុមតំណាងរាស្រ្តកូរ៉េខាងត្បូង បានបោះឆ្នោតចោទប្រកាន់លោកប្រធានាធិបតី Yoon Suk Yeol ជុំវិញការប៉ុនប៉ងពុំបានសម្រេចរបស់លោកក្នុងការដាក់ច្បាប់អាជ្ញាសឹក ដែលបង្កឲ្យមានការតវ៉ាទ្រង់ទ្រាយធំនៅទូទាំងប្រទេស ។

លោក Yoon ត្រូវបានព្យួរអំណាច ក្រោយសមាជិកគណបក្សកាន់អំណាចរបស់លោក គឺគណបក្សអំណាចប្រជាជន បានបោះឆ្នោតជាមួយក្រុមប្រឆាំង បើទោះបីជាការសម្រេចចិត្តមួយនេះ នៅត្រូវការផ្តល់សច្ចាប័នដោយតុលាការធម្មនុញ្ញក៏ដោយ ។
ក្រុមអ្នកតវ៉ាប្រឆាំងលោក Yoon បាននាំគ្នាអបអរសាទរនៅក្រៅរដ្ឋសភាកាលពីល្ងាចថ្ងៃសៅរ៍ ក្រោយញត្តិចោទប្រកាន់ត្រូវបានអនុម័ត ដោយពួកគេនាំគ្នាស្រែកច្រៀង ស្របពេលដែលកាំជ្រួចផ្កាភ្ញីផ្ទុះពីលើពួកគេ ។
លោក Yoon សន្យាថានឹងតតាំង ហើយលោកនិយាយថា លោកនឹងមិនបោះបង់ចោលវាជាដាច់ខាត ដោយលោកចាត់ទុកការបោះឆ្នោតនេះ គ្រាន់តែជាការផ្អាកតំណែងប្រធានាធិបតីរបស់លោកបណ្តោះអាសន្នប៉ុណ្ណោះ ។

លោក Yoon បន្តថា លោកនឹងទទួលយកការរិះគន់របស់អ្នក ការកោតសរសើររបស់អ្នក គាំទ្រអស់ពីចិត្ត ហើយលោកនឹងខិតខំអស់ពីសមត្ថភាព ដើម្បីប្រទេសមួយនេះ ដល់ទីបញ្ចប់ ។
សម្តីរឹងរូសរបស់លោកលើនេះ គឺខុសប្លែកពីពាក្យសម្តីសុំទោសរបស់លោកកាលពីដើមខែកន្លងទៅ ចំពោះការសម្រេចចិត្តប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក ។
លោក Yoon បានប៉ុនប៉ងដាក់ការគ្រប់គ្រងយោធា ក្រោយភាពទាល់ច្រកនយោបាយអស់រយៈពេលជាច្រើនខែ ដោយលោកនិយាយថា វាចាំបាច់ដើម្បីរារាំងកិច្ចខិតខំរបស់កូរ៉េខាងជើង ធ្វើឲ្យអន្តរាយដល់រដ្ឋាភិបាលរបស់លោក ប៉ុន្តែការប្រកាសច្បាប់អាជ្ញាសឹករបស់លោក បានដកចេញវិញ រយៈពេល ៦ម៉ោងប៉ុណ្ណោះ ក្រោយការជំទាស់របស់ក្រុមតំណាងរាស្រ្ត ៕