ក្រុមបាតុកររាប់ពាន់នាក់ បានជួបជុំគ្នានៅទីក្រុងតែល អាវីវ ប្រទសអ៊ីស្រាអែល កាលពីយប់ថ្ងៃសៅរ៍ ដើម្បីទាមទារឲ្យមានកិច្ចព្រមព្រៀងនាំចំណាប់ថ្នូរមកផ្ទះវិញ ។
ក្រុមបាតុករ ទាមទារឲ្យនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu សម្រេចបានកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរដែលត្រូវបានចាប់យកទៅដោយក្រុមជីវពលហាម៉ាស់ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣កន្លងទៅ ខណៈពួកគេផ្សេងទៀត អំពាវនាវឲ្យមានការបោះឆ្នោត និងទាមទារឲ្យលោក Netanyahuចុះចេញពីតំណែង ។
បាតុកម្មនេះ បានធ្វើឡើងជាការប្រារព្ធរយៈពេល ៤៣៥ថ្ងៃ ចាប់តាំងពីចំណាប់ថ្នូរ ត្រូវបានចាប់យកទៅ ។
ការប៉ុនប៉ងថ្មីដោយប្រទេសអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក ដើម្បីឈានដល់បទឈប់បាញ់ ទទួលបានសន្ទុះខ្លាំង ក្នុងរយៈពេល ជាច្រើនសប្តាហ៍កន្លងមកនេះ ។
កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi បានពិភាក្សាជាមួយក្រុមមន្រ្តីសហរដ្ឋអាមេរិក លើកិច្ចខិតខំឈានដល់បទឈប់បាញ់នៅតំបន់ហ្កាហ្សា ហើយនិងកិច្ចព្រមព្រៀងសម្រាប់ចំណាប់ថ្នូរ នៅដែនដីបិទច្រកមួយនេះ ៕


