ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក ហាន ដុកសូ (Han Duck-soo) នៅថ្ងៃអាទិត្យ (១៥ ធ្នូ) នេះ បានចាត់វិធានការដើម្បីធានាទំនុកចិត្តដល់បណ្ដាសម្ព័ន្ធមិត្តរបស់កូរ៉េខាងត្បូង និងធ្វើឱ្យទីផ្សារហិរញ្ញវត្ថុស្ងប់ស្ងាត់ឡើងវិញ មួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី Yoon Suk Yeol ត្រូវបានចោទប្រកាន់ទម្លាក់តំណែង និងត្រូវផ្អាកពីតួនាទីរបស់ខ្លួន ជុំវិញការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាស។
សេតវិមាន និងការិយាល័យប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង បាននិយាយថា លោក Han បានពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden តាមទូរសព្ទ។ សេចក្តីថ្លែងការណ៍ពីការិយាល័យលោក Han បានឱ្យដឹងថា "ទីក្រុងសេអ៊ូល នឹងអនុវត្តគោលនយោបាយការបរទេស និងសន្តិសុខរបស់ខ្លួនដោយគ្មានការរំខាន ហើយខិតខំធានាថាសម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក ត្រូវបានរក្សា និងអភិវឌ្ឍយ៉ាងខ្ជាប់ខ្ជួន"។
លោក Han ដែលត្រូវបានជ្រើសរើសដោយលោក Yoon ឱ្យធ្វើជានាយករដ្ឋមន្ត្រី ត្រូវបានដំឡើងឋានៈជាប្រធានាធិបតីស្តីទី ស្របតាមរដ្ឋធម្មនុញ្ញ ខណៈសំណុំរឿងរបស់លោក Yoon បានរុញទៅដល់តុលាការធម្មនុញ្ញ។
ការប្រកាសច្បាប់អាជ្ញាសឹកដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក Yoon និងវិបត្តិនយោបាយដែលកើតឡើងបន្ទាបើពីនោះ បានធ្វើឱ្យទីផ្សារ និងដៃគូការទូតរបស់កូរ៉េខាងត្បូង ព្រួយបារម្ភអំពីសមត្ថភាពរបស់ប្រទេស ក្នុងការរារាំងកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ។
សេតវិមាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកប្រធានាធិបតីអាមេរិក Biden "បានសម្តែងការពេញចិត្តចំពោះភាពធន់នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកូរ៉េខាងត្បូង ហើយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះប្រជាជនកូរ៉េខាងត្បូង"៕