ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃសៅរ៍ (១៤ ធ្នូ) ថា រុស្ស៊ីបានចាប់ផ្តើមប្រើប្រាស់កងទ័ពកូរ៉េខាងជើង ក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ជាលើកដំបូង ដើម្បីធ្វើការវាយលុកលើកងកម្លាំងអ៊ុយក្រែន ដែលកំពុងប្រយុទ្ធដណ្ដើមកាន់កាប់តំបន់ Kursk របស់រុស្ស៊ី។
មេដឹកនាំអ៊ុយក្រែនរូបនេះបានលើកឡើងថា ការប្រើប្រាស់កងទ័ពកូរ៉េខាងជើងកាន់តែសកម្មនេះ គឺជាការកើនឡើងថ្មីមួយនៅក្នុងសង្រ្គាម ហើយបានអំពាវនាវឱ្យមានការឆ្លើយតបជាសកល ខណៈការវិលត្រឡប់របស់លោក Donald Trump ទៅកាន់សេតវិមាននៅខែក្រោយនេះ ជំរុញឱ្យមានការរំពឹងទុកនៃកិច្ចចរចាសន្តិភាពនាពេលខាងមុខ។
លោក Zelenskiy បានប្រាប់ប្រជាជនអ៊ុយក្រែននៅក្នុងសុន្ទរកស្ដីពីសង្រ្គាមថាប្រចាំថ្ងៃរបស់ខ្លួនថា "ថ្ងៃនេះ យើងមានទិន្នន័យបឋមរួចហើយ ដែលរុស្ស៊ី បានចាប់ផ្តើមប្រើប្រាស់ទាហានកូរ៉េខាងជើង ក្នុងការវាយលុករបស់ពួកគេ ក្នុងចំនួនដ៏ច្រើន។

ទីក្រុងគីវ ធ្លាប់បាននិយាយថា កងកម្លាំងកូរ៉េខាងជើង បានបង្ហាញខ្លួននៅក្នុងតំបន់ Kursk របស់រុស្ស៊ី ក្នុងខែតុលា ហើយក្រោយមកបានរាយការណ៍ពីការប៉ះទង្គិចគ្នាដែលមិនបានបញ្ជាក់ច្បាស់លាស់ និងការស្លាប់បាត់បង់ជីវិត។ តាមការប៉ាន់ប្រមាណបានឱ្យដឹងថា មានទ័ពកូរ៉េខាងជើង សរុប ១១.០០០នាក់ បន្ថែមពីលើកម្លាំងទាហានរុស្ស៊ីរាប់ម៉ឺននាក់ទៀត។
រុស្ស៊ី មិនបានបញ្ជាក់ ឬបដិសេធចំពោះវត្តមានរបស់កងកម្លាំងកូរ៉េខាងជើង ដែលកំពុងប្រយុទ្ធខាងខ្លួនឡើយ៕

