មេដឹកនាំតាមជាក់ស្ដែងរបស់ប្រទេសស៊ីរី លោក អាម៉ាដ អាល់-សារ៉ា (Ahmad al-Sharaa) បាននិយាយកាលពីថ្ងៃសៅរ៍ (១៤ ធ្នូ) ថា អ៊ីស្រាអែល កំពុងប្រើលេសមិនពិតដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការវាយប្រហាររបស់ខ្លួនលើស៊ីរី ប៉ុន្តែលោកមិនចាប់អារម្មណ៍ក្នុងការចូលរួមក្នុងជម្លោះថ្មីទេ ខណៈស៊ីរីកំពុងផ្តោតលើការកសាងឡើងវិញ បន្ទាប់ពីការបញ្ចប់របបលោកប្រធានាធិបតី Bashar al-Assad ។
លោក Sharaa ត្រូវបានគេស្គាល់ថាឈ្មោះ អាប៊ូ ម៉ូហាម៉េដ អាល់-ហ្គោឡានី (Abu Mohammed al-Golani) ដឹកនាំក្រុម HTS ដែលបានផ្តួលលោក Assad ចេញពីអំណាចកាលពីសប្តាហ៍មុន ដោយបញ្ចប់ការគ្រប់គ្រងរយៈពេលប្រាំទសវត្សរ៍។
ចាប់តាំងពីពេលនោះមក អ៊ីស្រាអែល បានចូលទៅក្នុងតំបន់គ្មានយោធាមួយក្នុងស៊ីរី ដែលបានបង្កើតឡើងបន្ទាប់ពីសង្គ្រាមអារ៉ាប់-អ៊ីស្រាអែលឆ្នាំ១៩៧៣ រួមទាំងផ្នែកខាងស៊ីរី នៃភ្នំយុទ្ធសាស្ត្រ ហ៊ឺម៉ុន (Hermon) ដែលមើលទៅដល់ទីក្រុងដាម៉ាស ហើយបានកាន់កាប់ទីតាំងយោធាស៊ីរី ដែលត្រូវបានបោះបង់ចោល។
អ៊ីស្រាអែល ដែលបាននិយាយថាខ្លួនមិនមានបំណងស្នាក់នៅទីនោះទេ ហើយហៅការលុកលុយចូលទឹកដីស៊ីរី ថាជាវិធានការមានកម្រិត និងបណ្តោះអាសន្ន ដើម្បីធានាសន្តិសុខតាមព្រំដែននោះ ក៏បានធ្វើការវាយប្រហាររាប់រយលើកលើឃ្លាំងស្តុកអាវុធយុទ្ធសាស្ត្ររបស់ស៊ីរីផងដែរ៕


