ប្រជាជននៅទីក្រុងសេអ៊ូល ហាក់ខ្វែងគំនិតគ្នានៅថ្ងៃអាទិត្យ (១៥ ធ្នូ) នេះ បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានចោទប្រកាន់ទម្លាក់តំណែងនៅក្នុងការបោះឆ្នោតលើកទីពីរកាលពីយប់ថ្ងៃសៅរ៍ (១៤ ធ្នូ) ដោយសភាដឹកនាំដោយបក្សប្រឆាំង ជុំវិញការប៉ុនប៉ងរយៈពេលខ្លីរបស់លោកក្នុងការដាក់ច្បាប់អាជ្ញាសឹក ដែលបង្កការភ្ញាក់ផ្អើលក្នុងប្រទេស។
ក្រុមអ្នកវិភាគបានព្រមានថា ការចោទប្រកាន់ទម្លាក់តំណែងរបស់លោក Yoon ទំនងជាមិនអាចបញ្ចប់ភាពចលាចលនយោបាយបានទេ។
ដោយបង្ហាញពីការខ្វែងគំនិតក្នុងសង្គមនោះ អ្នកស្រុកជាច្រើនដែលគាំទ្រការចោទប្រកាន់ទម្លាក់តំណែងនេះ បាននិយាយថា ខ្លួនបានធូរចិត្តបន្ទាប់ពីការចោទប្រកាន់បានជោគជ័យ ហើយអាចសម្រាន្តលក់ស្រួលដោយសារខ្លួនពេញចិត្តនឹងលទ្ធផលនោះ។
ផ្ទុយទៅវិញ អ្នកគាំទ្រលោក Yoon ជាច្រើនបានបង្ហាញភាពសោកស្ដាយចំពោះដំណឹងនេះ ដោយលើកឡើងថា "យើងពិតជាមិនអាចទ្រាំមើលឃើញអ្នកតំណាងរាស្រ្តខុសច្បាប់ទាំងនោះ បង្កើតការចោទប្រកាន់ដ៏អាក្រក់បែបនេះទេ ហើយឥឡូវនេះបក្សប្រឆាំងកំពុងធ្វើគ្រប់យ៉ាងតាមអំពើចិត្តរបស់ខ្លួន"។
លោក Yoon គឺជាប្រធានាធិបតីអភិរក្សនិយមទីពីរជាប់ៗគ្នាហើយដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែងនៅកូរ៉េខាងត្បូង។ តុលាការធម្មនុញ្ញនឹងសម្រេចថាតើត្រូវដកលោក Yoon ចេញនៅពេលណាក្នុងរយៈពេលប្រាំមួយខែខាងមុខនេះ។ ប្រសិនបើលោកត្រូវបានដកចេញពីតំណែង ការបោះឆ្នោតមុនអាណត្តិនឹងត្រូវបានធ្វើឡើង៕


