ភ្នំពេញ ៖ ថ្ងៃនេះជាគម្រប់ខួប ១៧ឆ្នាំនៃការយាងគ្រងព្រះបរមសិរីរាជសម្បតិ្ត របស់ ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
នាឱកាសគម្រប់ខួបព្រះរាជាភិសេករបស់ព្រះអង្គ កូនចៅជាប្រជាពលរដ្ឋ ជ្រកក្រោមម្លប់ព្រះអង្គ បានសម្ដែងនូវការគោរពស្រលាញ់ ថ្វាយព្រះពរ និងសម្ដែងនូវការពេញចិត្តចំពោះព្រះរាជសកម្មភាពព្រះអង្គដែលតែងមាន ព្រះរាជសណ្ដោសប្រណីជួយដល់សង្គមជាតិ និងរាស្រ្តក្នុងគ្រាលំបាក។
២៩ តុលា ឆ្នាំ២០០៤-២៩ ខែតុលា ឆ្នាំ ២០២១ ជាគម្រប់ខួប ១៧ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះបាទ សម្តេចព្រះ បរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។ ប្រជានុរាស្ត្របានចូលរួមថ្វាយព្រះពរ និងរំលឹកពីព្រះរាជសកម្មភាព បង្ហាញពីការគោរពស្រលាញ់អង្គព្រះមហាក្សត្រ ហើយតាមបណ្តាញសង្គមក៏មានការបង្ហោះរូបព្រះឆាយាលក្ខ័ណ និងភ្ជាប់ដោយសារថ្វាយព្រះពរផងដែរ។
ព្រះរាជសកម្មភាពរបស់ព្រះអង្គ គឺមានជាបន្តបន្ទាប់សម្រាប់សង្គមជាតិកម្ពុជា និងសម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គគ្រប់រូប។ ជាក់ស្ដែងកំឡុងពេលដែលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ព្រះករុណាព្រះមហាក្សត្រ ទ្រង់បានព្រះសណ្ដោសប្រណី ផ្ដល់ជាព្រះរាជអំណោយជាច្រើន ក្នុងនោះមានទាំងការ ព្រះរាជទានព្រះរាជជូបត្ថម្ភថវិកាជួយរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ និងទិញវ៉ាក់សាំង, ព្រះរាជទានព្រះរាជអំណោយ ដល់ក្រុមគ្រូពេទ្យបុគ្គលិកសុខាភិបាល បុគ្គលិកអនាម័យ និងសេវាកម្ម នៅតាមមណ្ឌលព្យាបាលជំងឺកូវីដ-១៩ សរុបចំនួន១៨មណ្ឌល ក្នុងរាជធានីភ្នំពេញ ស្មើនឹងចំនួន២១៦៦នាក់ ការប្រទានព្រះរាជអំណោយជូន ប្រជានុរាស្រ្តចាស់ជរា ចំនួន ៤៦៥នាក់នៅ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ព្រះរាជទានព្រះរាជអំណោយជូនមន្រ្តីអង្គភាពស៊ីម៉ាក់ ចំនួន ១,៧៧៣នាក់ ព្រះរាជអំណោយជូនជនមានពិការភាព ចំនួន ៤៤៦នាក់ ការប្រោសព្រះរាជទានព្រះរាជអំណោយសម្រាលការលំបាកជូនសិល្បករចំនួន ២០២នាក់ រួមទាំងព្រះរាជសកម្មភាពជាច្រើនទៀត៕
អត្ថបទ ៖ គឹមហុក



